(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការលំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយ កម្ពុជា-វៀតណាម បានបញ្ជាក់ថា កងទ័ពកម្ពុជា និងកងទ័ពវៀតណាមប្រមាណជាង១ពាន់នាក់ នឹងធ្វើលំហាត់ហ្វឹកហ្វឺន ដើម្បី សង្រ្គោះគ្រោះមហន្តរាយរួមគ្នា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងគោលបំណងបង្កើនសមត្ថភាពក្នុងការសង្រ្គោះប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលជួបបញ្ហាគ្រោះមហន្តរាយដោយកត្តាណាមួយជាដើមនោះ។
ការបញ្ជាក់បែបរបស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែល នាយឧត្តមសេនីយ៍ បានអញ្ជើញបានដឹកនាំកិច្ចប្រជុំត្រៀមធ្វើលំហាត់ហ្វឹកហ្វឺនកងទ័ពកម្ពុជា-វៀតណាម នៅទីស្តីការក្រសួងការពារជាតិ។
បើតាមនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានឱ្យដឹងថា លំហាត់ហ្វឹកហ្វឺនដែលមានឈ្មោះថា «សង្រ្គោះគ្រោះមហន្តរាយ» រវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាមនេះ គឺបានធ្វើឡើងជាលើកដំបូងបំផុត នៅលើទឹកដីកម្ពុជា ដែលស្ថិតនៅឃុំសួស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ជាប់នឹងព្រំដែនខេត្តឡុងអាន ប្រទេសវៀតណាម។
នាយឧត្តមសេនីយ៍ បានលើកឡើងថា ការធ្វើលំហាត់ហ្វឹកហ្វឺនជាមួយភាគីវៀតណាមនេះ គឺដើម្បីត្រៀមកម្លាំងរួមគ្នា ក្នុងការចុះជួយប្រជាពលរដ្ឋដែលជាប់នឹងព្រំដែននៃប្រទេសទាំងពីរ ខណៈដែលពួកគេជួបគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយដោយយថា ហេតុណាមួយកើតឡើងនោះ។
នាយឧត្តមសេនីយ៍ បានបន្តថា ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ នឹងត្រូវធ្វើលំហាត់នេះ ជាបន្តបន្ទាប់ទៀតជាមួយនឹងប្រទេសជិតខាងមិនថាជាមួយប្រទេសវៀតណាមនោះទេ យើងនឹងត្រូវធ្វើជាមួយប្រទេសថៃ និងប្រទេសឡាវផងដែរ ប៉ុន្តែនាពេលនេះ មិនទាន់ត្រូវបានកំណត់ពេលវេលាជាក់លាក់នោះឡើយ៕