(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រកាសបើកជាផ្លូវការ «ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំងឺឆ្លង» ដែលជាកម្មវិធីសិក្សារួមគ្នារវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យ Paris Saclay នៃប្រទេសបារាំង។
ពេលរៀនចប់ និស្សិត នឹងទទួលបានសញ្ញាបត្រចំនួនពីរ គឺទទួលបានពីសាកលវិទ្យាល័យនៅប្រទេសបារំាង Paris-Saclay និងសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលផង។ ក្នុងនោះ ក៏មាននិស្សិតពីក្រៅប្រទេស មកសិក្សាផងដែរ ដូចជាមកពីប្រទេសបារំាង ថៃ និងហ្គាណា ជាដើម។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «យើងពិតជាមានមោទនភាពណាស់ ដែលសាកលវិទ្យាល័យវិទ្យាសាស្ដ្រាសុខាភិបាល តាមរយៈកម្មវិធីបណ្ដុះបណ្ដាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំងឺឆ្លងនេះ អាចទទួលនិស្សិតបរទេសមកសិក្សានៅទីនេះ ដែលនេះជំរុញឱ្យកិត្យានុភាពរបស់សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល បានឈានដល់កម្រិតនៃការទទួលស្គាល់ជាលក្ខណៈអន្ដរជាតិផងដែរ»។
តាមរយៈកម្មវិធីបណ្ដុះបណ្ដាលនេះ «ខ្ញុំសង្ឃឹមថា និស្សិតនឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ល្អៗទាក់ទងនឹងជំងឺឆ្លង ការស្រាវជ្រាវផ្នែកវិទ្យាសាស្ដ្រ និងការអនុវត្ដន៍កម្មវិធីសិក្សានៅមន្ទីរពិសោធន៍ ហើយសូមក្មួយៗយកចំណេះដឹង ដែលបានមកពីការសិក្សានេះ ទៅអភិវឌ្ឍសមត្ថភាពឱ្យកាន់តែមានប្រសិទ្ធិភាព និងភាពរីកចម្រើនសម្រាប់ប្រទេសជាតិ និងនៅតាមទីកន្លែងការងាររបស់ខ្លួន»។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យParis Saclay នៃសាធារណរដ្ឋបារាំង និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានខិតំរួមគ្នាបង្កើតកម្មវិធីបណ្តុះបណ្តាលដែលមានលក្ខណៈអន្តរជាតិនេះ និងបើកដំណើរការនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល»។
នេះបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ និងបានកំណត់ជាអាទិភាពលើការកសាងធនធានមនុស្សប្រកបដោយគុណភាព ។ប្រតិបត្តិតាមមាគ៌ាគោលនយោបាយនេះ ក្រសួងសុខាភិបាល បានដាក់ចេញជាយុទ្ធសាស្ត្រនានា ដើម្បីពង្រឹងបានគុណភាពបណ្តុះបណ្តាលនៅកម្ពុជា មានកល្ខណៈទទួលស្គាល់ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។
ក្នុងឱកាសនោះ សាកលវិទ្យាធិការសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល លោកសាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងផងដែរថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងការណែនាំប្រកបដោយទស្សនៈចក្ខុវិស័យវែងឆ្ងាយរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង, បានផ្តល់នូវកាលានុវត្តភាពប្រកបដោយសុទិដ្ឋិនិយម ក្នុងការជំរុញឱ្យកម្មវិធីសិក្សាលក្ខណៈអន្តរជាតិនេះលេចជារូបរាងឡើង។
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ សិក្សារយៈពេល២ឆ្នាំជាភាសាអង់គ្លេស ដោយត្រូវសិក្សានៅប្រទេសកម្ពុជា និងសិក្សានៅប្រទេសបារាំង ដែលមុននឹងដាក់ពាក្យជ្រើសរើសចូលរៀនបាន និស្សិតត្រូវឆ្លងកាត់ថ្នាក់ត្រៀមដោយជោគជ័យជាមុនសិន។ ជំនាន់ទី១ «ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំងឺឆ្លង»នេះ មាននិស្សិតចំនួន ១០រូប ដែលមកពីប្រទេសបារាំង ហ្គាណា ថៃ និងកម្ពុជា។
ការបណ្តុះបណ្តាលកម្រិតអន្តរជាតិនេះ ទទួលបាននូវកិច្ចសហការយ៉ាងរឹងមាំ ពីសំណាក់វិទ្យាស្ថានប៉ាស័្ទរកម្ពុជា សាកលវិទ្យាល័យ Paris Saclay ប្រទេសបារាំង និងការគាំទ្រយ៉ាងមោះមុត ពីសំណាក់ស្ថានទូតបារាំងប្រចាំកម្ពុជាផងដែរ៕