(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋមកធ្វើប្រហុក ផ្អក ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលជនផល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលជនផល បានឲ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០១៩-២០២០នេះ បន្ទាប់ពីបានធ្វើការសង្កេត តាមដានលើកំពស់ទឹក ដែលហូរចេញពីបឹងទន្លេសាប ឃើញថា ទឹកបានស្រកចុះយ៉ាងលឿន ដែលមិនធ្លាប់ជួបប្រទះ ក្នុងរយៈកាលកន្លងមក។
ទឹកដែលហូរចេញពីបឹងទន្លេសាបស្រកចុះយ៉ាងលឿនបែបនេះ ធ្វើឲ្យគន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រីបានច្រើន ក្នុងខែមិគសិរនេះ គឺចាប់ពីថ្ងៃ៩កើត ដល់ថ្ងៃ១៣កើត ត្រូវនឹងថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ប្រសិនបើផ្ទៃមេឃស្រឡះល្អ និងគ្មានភ្លៀងកក់ខែ។
យោងលើស្ថានភាព ដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផល ស្នើសុំអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ -ល-។ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រី ក្នុងខែមិគសិរនេះ ឲ្យបានរួសរាន់ តាមពេលវេលានិងទីកន្លែង ដូចបានជម្រាបជូនខាងលើ។
ជាមួយគ្នានេះដែរ រដ្ឋបាលជលផល សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តា បង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ បានធ្វើដំណើរទៅមក ស្នាក់នៅនិងដឹកជញ្ជូនផលិតផលត្រីកុំ ឲ្យមានការរាំងស្ទះតាមការគួរ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលជនផល៖