(ភ្នំពេញ)៖ កម្លាំងនគបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ បានឃាត់ខ្លួនជនសង្ស័យជនជាតចិនម្នាក់ ករណីបើកទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី និងបៀរចិន)។
លោកវរសេនីយឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ការបង្ក្រាបទីតាំងល្បែងហ្គេមភ្នាល់បាញ់ត្រីតាមម៉ាស៊ីននេះ បានធ្វើឡើងនៅនៅចំណុចក្នុងបន្ទប់ជួលជាន់ផ្ទាល់ដី សណ្ឋាគារវិនសិននេស ផ្លូវណតប៊្រីត ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចរបស់លោកបានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ លី យុំាង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាចុងភៅជាជនជាតិចិន ស្នាក់នៅបន្ទប់លេខ១០១៦ សណ្ឋាគារវិនសិននេស ផ្លូវណតប៊្រីត ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បុរសចិននេះជាម្ចាស់ទីតាំងបើកល្បែងនេះតែម្តង។ ក្នុងការចុះបង្ក្រាបសមត្ថកិច្ច ដកហូតបានទូហ្គេមបាញ់ត្រី ចំនួន០៣គ្រឿង, បៀរចិន០៤ឈុត, តុ០៣ ជាវត្ថុតាង ហើយបានយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខ ដើម្បីសុំគោលការណ៍បំផ្លាញចោល។
លោកអធិការបានបញ្ជាក់ទៀតថា ក្រោយបញ្ចប់ការសាកសួរលើម្ចាស់ទីតាំង ដែលជាជនជាតិចិន នគបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានអនុវត្តតាមនីតិវិធី ពោលគឺបញ្ជូនជនសង្ស័យម្ចាស់ទីតាំង និងវត្ថតាងទៅតុលាការដើម្បីសម្រេចតាមច្បាប់៕