(បាត់ដំបង)៖ នៅថ្ងៃទៅ០៦ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ ពិព័រណ៍ការងារ ខេត្តបាត់ដំបង នឹងត្រូវរៀបចំឡើង ដែលនឹងផ្តល់ឱកាសការងារជាច្រើនកន្លែងពីក្រុមហ៊ុនធំៗចំនួន៥០ ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើនៅក្នុងខេត្តបាត់ដំបង។
ពិព័រណ៍ការងាររយៈពេលពីរថ្ងៃ គឺថ្ងៃទី០៦ និង០៧ ខែធ្នូ ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីម៉ោង ០៨៖០០នាទីព្រឹក ដល់ម៉ោង ១៨៖០០នាទីល្ងាច នៅបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ពិព័រណ៍ ត្រូវបានរំពឹងថានឹងមានអ្នកចូលរួមទស្សនាពីយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារជាង៤ពាន់នាក់។ ក្រៅពីទទួលបានឱកាសការងារតាមរយៈការដាក់ពាក្យ និងសម្ភាសភ្លាមៗ អ្នកចូលរួមក៏នឹងមានឱកាសទទួលបានការណែនាំអាជីព បទពិសោធន៍ ជំនាញទីផ្សារការងារកំពុងត្រូវការ និងឱកាសបណ្តុះបណ្តាលគ្រប់ប្រភេទ, ទទួលបានគំនិត ជំនាញ ចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនល្បីៗក្នុងសិក្ខាសាលាផងដែរ។
ដូច្នេះ សាធារណជន ជាពិសេស យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារទាំងអស់នៅក្នុងខេត្តបាត់ដំបង កុំភ្លេចចូលរួម ហើយត្រៀម CV ដើម្បីដាក់ពាក្យស្វែងរកការងារ និងទទួលបានចំណេះបន្ថែមអំពីព័ត៌មានទីផ្សារការងារនៅកម្ពុជា។
ពិព័រណ៍ការងារនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការពីសាលាខេត្តបាត់ដំបង សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តបាត់ដំបង ដោយទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការ Finn Church Aid (FCA) និងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង។
សម្រាប់ព័ត៌មានបន្ថែម អំពីព្រឹត្តិការណ៍ពិព័រណ៍ការងារ ខេត្តបាត់ដំបង សូមធ្វើការទាក់ទងមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខទូរស័ព្ទ៖០១៧ ៨៦៧ ៤២៣ ឬចូលមើលគេហទំព័រ www. nea.gov.kh៕