(ភ្នំពេញ)៖ «ប្អូនៗ មិនត្រូវទុកពេលវេលារបស់ខ្លួននៅទំនេរទេក្នុងរយៈពេល ៤-៥ឆ្នាំ ដែលប្អូនសិក្សានៅមហាវិទ្យាល័យ។ ត្រូវដុសខាត់ខ្លួន និងជំនាញឲ្យបានល្អ រៀនបន្ថែមភាសាបរទេស កុំព្យូទ័រ ឬជំនាញបន្ថែមត្រូវទៅតាមទីផ្សារ ចាប់ផ្តើមធ្វើការងារហាត់ការ និងចូលរួមក្នុងការងារសង្គមមួយចំនួនដើម្បីទទួលបានបទពិសោធន៍និងបង្កើតឱកាសសំរាប់ខ្លួនឯង នាថ្ងៃអនាគត» នេះជាអនុសាសន៍របស់ លោក អ៊ុច ស៊ីណាត នាយកគ្រប់គ្រងធនធានមនុស្ស នៃក្រុមហ៊ុនកូកាកូឡា ផ្តល់ជូននិស្សិតវិស្វករ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នាថ្ងៃ៤ ខែធ្នូ ឆ្នាំ២០១៩ ក្នុងកម្មវិធីសិក្ខាសាលាស្តីពីការងារ ដែលមាននិស្សិតប្រមាណ៨០០នាក់ចូលរួមស្តាប់ការធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ពីក្រុមហ៊ុនចំនួន៣រួមមាន៖ Level Up Consultants, GBC Engineers, Cambodia Beverages Company Ltd និងអតីតនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
កម្មវិធីសិក្ខាសាលានេះសហការរៀបចំឡើងដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងសភាពាណិជ្ជកម្មអ៊ឺរ៉ុប (Euro Cham) ដោយមានការផ្តួចផ្តើមទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ ភាសាបារាំង (AUF) ក្នុងគោលបំណងបង្ហាញនូវការវិវត្តន៍នៃវិស័យឯកជន លក្ខ័ណ្ឌការងាររបស់ក្រុមហ៊ុននានានៅក្នុងសភាពាណិជ្ជកម្មអ៊ឺរ៉ុប និងចែករំលែកបទពិសោធន៍ការងារ នៃបុគ្គលិកឆ្នើមនានាដើម្បីតម្រង់ទិស ក្នុងអាជីពការងារដល់និស្សិតដែលនឹងបញ្ចប់ការសិក្សានាពេលខាងមុខ។
តំណាងក្រុមហ៊ុន បានចែករំលែកនូវបទពិសោធន៍ល្អៗលើការសិក្សានិងការងារដល់ប្អូនៗនិស្សិត ផ្តល់ឪកាសការងារនិកម្មសិក្សាដល់យុវជនដែលនឹងចុះធ្វើកម្មសិក្សា និងស្វែងរកការងារនាពេលអនាគត។
លោក យ៉ង់ ធារិទ្ធិ ជាអគ្គនាយកក្រុមហ៊ុន GBC Engineers និងជាអតីតនិស្សិតសាលាតិចណូ បានថ្លែងថា៖ «ក្នុងការងារដំបូងរបស់ខ្ញុំមិនប្រកាន់តែជំនាញទេ អ្វីក៏ខ្ញុំអាចធ្វើបានដែរ រួមទាំងបុកបេតុងក៏ខ្ញុំធ្លាប់ធ្វើដែរ ខ្ញុំធ្វើគ្រប់មុខ»។
លោកបានបន្ថែមថា «បើធ្វើការងារបានប្រាក់ខែប្រហាក់ប្រហែលគ្នាឬលើសបន្តិចបន្តួចពីកន្លែងផ្សេង សូមគិតដល់សក្តានុពលនិងការសិក្សាអ្វីខ្លះដែលប្អូនទទួលបានពីក្រុមហ៊ុន ឬកន្លែងធ្វើការរបស់ខ្លួនបច្ចុប្បន្ន និងមិនត្រូវប្តូរការងារភ្លាមៗទេ»។
លោក យ៉ង់ ធារិទ្ធិ ធ្វើការនៅក្នុងក្រុមហ៊ុនតែមួយច្រើនឆ្នាំនិងខិតខំបំរើការងាររហូតទទួលបានតំណែងធំ។ ដោយឡែកលោក ម៉ៅ ភិរុណ អតីតនិស្សិតសាលាតិចណូបានលើកទឹកចិត្តឲ្យប្អូនៗ និស្សិតបង្កើតទំនាក់ទំនងល្អៗជាមួយសិស្សច្បង ស្វែងរកការងារហាត់ការ និងត្រូវធ្វើការងារគ្រប់ផ្នែក ដើម្បីផ្តល់ឳកាសអោយខ្លួនរៀនបន្ថែមនូវអ្វីដែលថ្មីៗពីខាងក្រៅ រួមទាំងរៀនកែប្រែឥរិយាបទអោយបានល្អទើបងាយទទួលបានការងារល្អនិងរីកចំរើន។
Euro-Cham បានរៀបចំកម្មវិធីសិក្ខាសាលានេះជាបន្តបន្ទាប់ជាច្រើនរួចមកហើយ ក្រោយពីបានចុះអនុសារណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្ម និងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) នាឆ្នាំ២០១៦ ក្នុងគោលបំណងបង្កើននូវការផ្លាស់ប្តូររវាងវិស័យអប់រំបណ្តុះបណ្តាលនិងវិស័យឯកជន បង្ហាញនូវទស្សនវិស័យរបស់និយោជកក្នុងការចូលរួមអភិវឌ្ឍន៍ នូវការបណ្តុះបណ្តាលមួយដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។
សូមបញ្ជាក់ថាទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) គឺជាសមាគមអន្តរជាតិដែលមានអាយុកាលជាង៥០ឆ្នាំមកហើយ។ សមាគមនេះប្រមូលផ្ដុំសាកលវិទ្យាល័យ សាលាជាន់ខ្ពស់ បណ្ដាញឧត្ដមសិក្សា និងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនានាដែលប្រើប្រាស់ភាសាបារាំងសរុបចំនួនជាង៩44នៅតាមបណ្ដាប្រទេសចំនួន១១៦នៅលើពិភពលោក។ ស្ថាប័ននេះក៏ជាប្រតិបត្តិករនៃការបណ្តុះបណ្តាលនៅឧត្ដមសិក្សានិងការស្រាវជ្រាវ នៃអង្គប្រជុំកំពូលនៃក្រុមប្រទេសប្រើប្រាស់ភាសាបារាំង(OIF)ផងដែរ។
អង្គការនេះ អនុវត្តសកម្មភាពនៅក្នុងតំបន់ចំនួន១០ ក្នុងនោះរួមមានតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។ ចាប់តាំងពីដាក់ទីតាំងនៅទីក្រុងហាណូយនៅឆ្នាំ១៩៩៣មក ទីស្នាក់ការតំបន់អាស៊ីប៉ាស៊ីហ្វិក មានតួនាទីដឹកនាំបណ្ដាញក្រុមដែល មានសមាជិកចំនួន៧៩ នៅតាមបណ្ដាប្រទេសចំនួន១២នៅក្នុងតំបន់រួមមាន៖ កម្ពុជា ចិន កូរ៉េខាងត្បូង ហ្វីតជី ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ុងហ្គោល ថៃ វ៉ានូអាទូ និងវៀតណាម រួមទាំងនូវែលកាឡេដូនី និងប៉ូលីនេស៊ីបារាំង៕