(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពី យុទ្ធសាស្ត្រផ្នែកទំនាក់ទំនង ក្រោមការចូលរួមពីលោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និងលោកស្រី Chantavarn Sucharitakul ឧបការីទេសាភិបាលនៃ ធនាគារកណ្តាលថៃ។
សិក្ខាសាលានេះមានការចូលរួមពី ថ្នាក់ដឹកនាំមន្ត្រី-បុគ្គលិកធនាគារជាតិ ដែលសុទ្ធជាមន្ត្រីទំនាក់ទំនងនៃ នាយកដ្ឋាន និងអគ្គនាយកដ្ឋានរបស់ធនាគារជាតិប្រមាណ៤០នាក់ និងមានគោលបំណងបង្កើនការយល់ដឹង និងចែករំលែកយុទ្ធសាស្ត្រ បទពិសោធន៍ និងការអនុវត្តពាក់ព័ន្ធនឹងផ្នែកទំនាក់ទំនង ទាំងខាងក្នុង និងខាងក្រៅរបស់ធនាគារកណ្តាលថៃ ព្រមទាំងបានលើកឡើងពី បញ្ហាប្រឈម និងអនុសាសន៍ដ៏មានសារៈសំខាន់មួយចំនួន។
លោកស្រីឧបការីទេសាភិបាលនៃ ធនាគារកណ្តាលថៃ លើកឡើងថា ក្រៅពីការអនុវត្តមុខងារស្នូល ធនាគារកណ្តាលក៏មានតួនាទី ស្តាប់មតិពីភាគីពាក់ព័ន្ធនៅមុនពេល និងក្រោយពេលដាក់ចេញគោលនយោបាយថ្មី និងត្រូវបកស្រាយពីគោលបំណង និងមូលហេតុចំពោះការសម្រេចចិត្តនោះ ដើម្បីធានាឱ្យបាននូវតម្លាភាព និងសេចក្តីទុកចិត្តរបស់សាធារណជន និងកាត់បន្ថយការយល់ខុសនានា ដែលអាចកើតឡើង៕