(ភ្នំពេញ)៖ សមាគមអ្នកសាងសង់កម្ពុជា នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំពិធីមហាសន្និបាត បូកសរុបការងារប្រចាំឆ្នាំលើកទី៨ របស់សមាគម និងពិធីសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់ កម្ពុជាអន្តរជាតិ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កម្មវិធីនេះ មានភ្ញៀវជាតិ និងអន្តរជាតិ ដែលជាអ្នកវិនិយោគ អ្នកអភិវឌ្ឍន៍ អ្នកស្វែងរកដៃគូ ដើម្បីវិនិយោគ និងអភិវឌ្ឍន៍ ម្ចាស់រោងចក្រផលិតផលសម្ភារៈសំណង់ និងធុរកិច្ចជនលើវិស័យសំណង់ជាច្រើនរូបបានអញ្ជើញមកចូលរួម ដាក់តាំងបង្ហាញផលិតផល និងទស្សនាយ៉ាងច្រើនកុះករ។ ពិធីនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានឲ្យដឹងថា ពិធីតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ឆ្នាំ២០១៩នេះ សមាគមបានរៀបចំ ស្តង់ចំនួន៣៥០ស្តង់ សម្រាប់ឲ្យក្រុមហ៊ុនទាំងនៅក្នុងប្រទេស និងបរទេសសរុប២០៧ ក្រុមហ៊ុនបានដាក់តាំងបង្ហាញ និងលក់ផលិតផលដែលជាសម្ភារ បរិក្ខារ ឧបករណ៍និងគ្រឿងចក្រសំណង់គ្រប់ប្រភេទសុទ្ធសឹងទំនើបៗ មានគុណភាព និងស្តង់ដារល្អៗ
អ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់ថា ផលិតផលទាំងនេះ មិនតិចជាង ១,០០០ ប្រភេទ រួមទាំងសេវាលក់អចលនទ្រព្យ ផ្ទះសម្បែង សេវាធនាគារ ធានារ៉ាប់រង សេវាកម្ចីប្រាក់សម្រាប់ទិញផ្ទះ និងកិច្ចការវិនិយោគផ្សេងៗ និងប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ទំនើបៗដែលបាននាំចូលពីបណ្តាប្រទេសជាច្រើនលើពិភពលោកដូចជា ការតម្លើងប្រព័ន្ធទឹក អគ្គីសនី ម៉ាស៊ីនត្រជាក់ កាម៉េរ៉ាសុវត្ថិភាពជាដើម -ល-។
អ្នកឧកញ៉ា បន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ ក្នុងកម្មវិធីពិព័រណ៍នេះ ក៏បានរៀបចំឱកាស និងទីកន្លែងសម្រាប់ផ្តល់ឲ្យធុរកិច្ចជនទាំងអស់ ដែលមានរបរអាជីវកម្មជាអ្នកសាងសង់ អ្នកលក់ ឬម្ចាស់រោងចក្រ អ្នកទិញ អ្នកចែកចាយ អ្នកផ្គត់ផ្គង់បានជួបគ្នាដោយផ្ទាល់ ដើម្បីពិភាក្សាគ្នាថាតើអ្វី ដែលជាតម្រូវការជាក់ស្តែង និង ចាំបាច់សម្រាប់វិស័យឧស្សាហកម្មសំណង់នៅកម្ពុជា។
ជាពិសេស នៅក្នុងកម្មវិធីពិព័រណ៍នេះ ក៏បង្កើតឲ្យមានកម្មវិធីជួបជុំសំណេះសំណាល ពិភាក្សាធុរកិច្ចសម្រាប់ឲ្យសមាជិក សមាគម និង ក្រុមហ៊ុនដែលមានធុរកិច្ចលើវិស័យសំណង់ ដ៏ទៃទៀតដែលកំពុងប្រតិបត្តិការធុរកិច្ច នៅកម្ពុជាជាច្រើនមកពិភាក្សាគ្នា នូវអ្វីដែលមាន និងតម្រូវការជាក់ស្តែងស្របតាមការរីកចំរើន និងអភិវឌ្ឍន៍ប្រទេសជាតិ នាពេលបច្ចុប្បន្ន។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកឧកញ៉ា ពុង ឃាវសែ។
ចំពោះក្រុមហ៊ុនដែលត្រូវបានសមាគមអញ្ជើញ ឲ្យចូលរួមមាន ដូចជា៖
* ក្រុមហ៊ុនប្រកបអាជីវកម្ម សិក្សាតម្រោងប្លង់
* ក្រុមហ៊ុនសាងសង់ ម្ចាស់រោងចក្រផលិត និងលក់សម្ភារ បរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់គ្រប់ប្រភេទ
* ក្រុមហ៊ុនអចលនទ្រព្យ រោងចក្រផលិតបេតុង
* ក្រុមហ៊ុនតម្លើងប្រព័ន្ធអគ្គីសនី ទឹក ម៉ាស៊ីនត្រជាក់
* ក្រុមហ៊ុនធានារ៉ាប់រង
* ក្រុមហ៊ុនដឹកជញ្ជូនសម្ភារៈសំណង់
* ក្រុមហ៊ុនធ្វើពិសោធន៍ដី
* ក្រុមហ៊ុនធ្វើសសរគ្រឹះ និងគ្រឹះ
* ក្រុមហ៊ុនសេវាកម្មលក់អចលនទ្រព្យ និងក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យសំណង់ជាច្រើនផ្សេងៗទៀត។
ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានបញ្ជាក់ទៀតថា ក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានក្រុមហ៊ុនខ្លះ ជាសាខាក្រុមហ៊ុនរបស់បរទេស មកពីប្រទេសចិន ជប៉ុន កូរ៉េ ថៃឡង់ដ៍ សិង្ហបុរី ស៊ុយអ៊ែត ស៊ូសហ្សេលែន ម៉ាឡេស៊ី អាល្លឺម៉ង់ បារាំង វៀតណាម ឥណ្ឌូនេស៊ី -ល-៕