(ភ្នំពេញ)៖ កម្ពុជា-បារាំង បានសហការគ្នារៀបចំនូវកម្មវិធីសិក្សាបែបអន្ដរជាតិ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំងឺឆ្លង នៅសកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ដែលនឹងបើកដំណើរជាផ្លូវការនៅថ្ងៃនៅទី០៥ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ ក្រោមអធិបតីភាពរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង។
នេះបើតាមការលើកឡើងរបស់នាយកវិទ្យាស្ថានប៉ាស្ទ័រថ្មីប្រចាំកម្ពុជា លោកស្រីបណ្ឌិត ឡូរ៉ង់ បារីល (laurence Baril) ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ នាទីស្ដីការក្រសួង។
លោកស្រីបណ្ឌិត ឡូរ៉ង់ បារីល បានថ្លែងបន្ដថា នេះជាកិច្ចសហប្រតិបត្ដិការថ្មីមួយទៀតផងដែរ លើកិច្ចសហប្រតិបត្ដិការកន្លងមក ដើម្បីសហការរួមគ្នាបង្កើនធនធានមនុស្ស និងលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ដើម្បីផ្ដល់សេវាព្យាបាលថែទាំជូនប្រជាពលរដ្ឋ កាន់តែមានគុណភាព និងប្រសិទ្ធិភាពខ្ពស់។
នាយកវិទ្យាស្ថានប៉ាស្ទ័រថ្មីប្រចាំកម្ពុជា បានបញ្ជាក់ថា កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំងឺឆ្លងនេះ ជាកម្មវិធីសិក្សាបែបអន្ដរជាតិមួយ ក៏មានសាស្ដ្រាចារ្យ មកពីបារំាង បង្រៀនដោយផ្ទាល់ ផងដែរក្រៅពីសាស្ដ្រាចារ្យនៅសកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល។
ពេលរៀនចប់ និស្សិត នឹងទទួលបានសញ្ញាបត្រចំនួនពីរ គឺទទួលបានពីសាកលវិទ្យាល័យនៅប្រទេសបារំាង Paris-Saclay ផង និងសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅកម្ពុជានេះផង។ ដោយក្នុងនោះ ក៏មាននិស្សិតពីក្រៅប្រទេស មកសិក្សាផងដែរ ដូចជាមកពីប្រទេសបារំាង ថៃ និងកាណា ជាដើម។
ជាកិច្ចឆ្លើយតប រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ដែលតែងតែជួយគាំទ្រកម្ពុជាយើង ជាពិសេស លើវិស័យសុខាភិបាល ទាំងលើការងារបណ្ដុះបណ្ដាល, ផ្ដល់សេវាសុខភាព, ការងារស្រាវជ្រាវ រួមទាំងការងារផ្សេងៗទៀត។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានលើកទឹកចិត្ដ ឱ្យនាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាថ្មីនេះ បន្ដខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការផ្ដល់គាំទ្រ និងលើកកម្ពស់វិស័យសុខាភិបាល ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរបន្ថែមទៀត។
ទន្ទឹមនឹងនោះ លោកស្រីបណ្ឌិត ឡូរ៉ង់ បានថ្លែងអំណរគុណដល់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ដែលបានសហការជាមួយវិទ្យាស្ថានប៉ាស្ទ័រ បានយ៉ាងល្អក្នុងពេលកន្លងមក ដោយសម្រេចបានសមិទ្ធផលជាច្រើនរួមគ្នា ដូចជាការបញ្ជូននិស្សិតឱ្យទៅសិក្សានៅប្រទេសបារាំង កើនឡើងរហូតដល់ទៅ៩៤នាក់ជាដើម ហើយលោកស្រី បានប្ដេជ្ញាបន្ដជួយគាំទ្រលើវិស័យសុខាភិបាលនេះ ឱ្យកាន់តែប្រសើរបន្ថែមទៀត៕