(ទីក្រុងអាកាបា)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាស៊ីវិល បានដឹកនាំគណៈប្រតិភូ ចូលរួមសន្និសីទ ស្តីពីការចរចាសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលសហការរៀបចំដោយ អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) និងអាជ្ញាធរអាកាសចរស៊ីវិល នៃព្រះរាជាណាចក្រហ្សកដានី ចាប់ពីថ្ងៃទី០២ ដល់០៦ ខែធ្នូ ឆ្នាំ២០១៩។ សន្និសីទនេះ មានតំណាង៧៦ ប្រទេសចូលរួម។
ក្នុងឱកាសនៃការចូលរួមសន្និសីទនេះ លោកបណ្ឌិតរដ្ឋមន្ត្រី បានជួបសម្តែងការគួរសមជាមួយ លោកបណ្ឌិត ខាលិត សាហ្វីស (H.E.DR. KHALID SAIF) រដ្ឋមន្ត្រីដឹកជញ្ជូន នៃព្រះរាជាណាចក្រហ្សកដានី និងបានចុះអនុស្សរណៈយោគយល់ រវាងអាជ្ញាធរអាកាសចរស៊ីវិល នៃប្រទេសទាំងពីរ ដើម្បីជុំរុញឱ្យមានការហោះហើររវាងប្រទេសទាំងពីរ និងជុំរុញកិច្ចសហប្រតិបត្តិការវិស័យអាកាសចរស៊ីវិលផងដែរ។
លោកបណ្ឌិត រដ្ឋមន្ត្រី ក៏បានស្នើសុំទៅ លោកបណ្ឌិត ខាលិត សាហ្វីស ឱ្យជួយស្វែងរកគ្រប់លទ្ធភាព ជុំរុញក្រុមហ៊ុនអាកាសចរណ៍ជាតិហ្សកដានី (Royal Jordanian Airlines) ដែលកំពុងហោះហើរមកកាន់រាជធានីបាងកក ឱ្យពង្រីកផ្លូវហោះហើររបស់ខ្លួនមកកាន់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
ក្រៅពីកិច្ចប្រជុំទ្វេភាគីជាមួយប្រទេសម្ចាស់ផ្ទៈរៀបចំសន្និសីទ និងចូលរួមសន្និសីទ លោកបណ្ឌិត រដ្ឋមន្ត្រី ក៏បានជួបប្រជុំទ្វេភាគី ជាមួយបណ្តាប្រទេសមួយចំនួនថែមទៀត ដូចជា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាតា កូឡ៊ុប៊ៀ ឈីលី បង់ក្លាដេស និងអូម៉ង់ ជាដើម ដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការវិស័យអាកាសចរស៊ីវិល និងស្វែងរកលទ្ធភាពចុះហត្ថលេខាកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។
សូមបញ្ជាក់ជូនថា៖ មកទល់ពេលបច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ជាលក្ខណៈទ្វេភាគី បានចំនួន ៤៤ប្រទេស និងកិច្ចព្រមព្រៀងពហុភាគីអាស៊ានមួយចំនួនផងដែរ ដែលអាចជួយជុំរុញឱ្យមានកំណើនដឹកជញ្ជូនតាមផ្លូវអាកាសកាន់តែទូលំទូលាយថែមទៀត និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរតាមផ្លូវអាកាសក្នុងតំបន់ និងអន្តរតំបន់ថែមទៀតផង៕