(ភ្នំពេញ)៖ បន្ទាប់ពីបើកសិក្ខាសាលា ស្តីពីការពង្រឹងគុណភាពការប្រមូលទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ទុកការប្រមូលទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ មានសារៈសំខាន់ណាស់ ដើម្បីស្វែងរកវិធានការទប់ស្កាត់អត្រាស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកការពារសុខភាព បានលើកឡើង ក្នុងពិធីបិទសិក្ខាស្តីពី ស្តីពីការពង្រឹងគុណភាពការប្រមូលទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ទុក ទិន្នន័យការប្រមូលគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកនៅកម្ពុជា គឺជាទិន្នន័យគន្លឹះដ៏សំខាន់ ក្នុងការស្វែងរកវិធានការទប់ស្កាត់ អត្រាស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
លោកបន្តថា ការរៀបចំសិក្ខាសាលានេះឡើង ដើម្បីលើកកម្ពស់ការយល់ដឹង អំពីការស្រង់ ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
លោកបន្តថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្នមាននិន្នាការកើនឡើង នៃការស្លាប់ និងរបួសដែលបង្កឡើង ដោយសារការបើកបរលើសល្បឿនកំណត់ ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរក្រោមឥទ្ធិពលគ្រឿងនៃស្រវឹងជាដើម។ល។ ដែលជាហេតុនាំឱ្យមានការកើនឡើងនូវកូនកំព្រា ស្ដ្រីមេម៉ាយ ជនពិការ សោកនាដកម្មផ្សេងៗ និងផលវិបាកជាច្រើននៅក្នុងសង្គមកម្ពុជា។
លោកបន្ថែមថា ដើម្បីចូលរួមកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ គឺទាមទាជាចាំបាច់នូវផែនការសកម្មភាព ដែលមានប្រសិទ្ធភាព និងសមស្របទៅតាមស្ថានភាពនៃគ្រោះថ្នាក់ ហើយទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ដែលមានគុណភាព ជាធាតុចូលយ៉ាងសំខាន់ក្នុងការកសាងផែនការសកម្មភាពដែលមានប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត យើងក៏អាចតាមដាន និងព្យាករណ៍នូវស្ថានភាពគ្រោះថ្នាក់ ក៏ដូចជាប្រសិទ្ធភាព នៃផែនការដែលបានដាក់ ចេញតាមរយៈទិន្នន័យដ៏មានសារៈ សំខាន់នេះផងដែល។
លោកក៏បានបញ្ជាក់ថា៖ «ខ្ញុំសូមស្នើសុំដល់សមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងមូលចូលរួមឱ្យបានផុសផុលក្នុង ការពិភាក្សា ដើម្បីជំរុញឱ្យការស្រង់ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវកាន់តែប្រសើរឡើងបន្ថែមទៀត»។
ក្នុងឱកាសនេះដែរ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNDP ដែលបានជួយឧបត្ថម្ភ ក្នុងការរៀបចំសិក្ខាសាលាដ៏មានសារសំខាន់ ហើយបានចាត់ទុកថា សកម្មភាពនេះ បង្ហាញឱ្យ ឃើញនូវការយកចិត្តទុកដាក់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
សូមជម្រាបថា សិក្ខាសាលារៀបចំឡើង រយៈពេល២ថ្ងៃ ដោយសហការរវាងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអគ្គស្នងដ្ឋាននគបាលជាតិ ក្រោមការជួយឧបត្ថម្ភរបស់អង្គការ UNDP៕