(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានប្រកាសឧបត្ថម្ភក្រុមជម្រើសជាតិ U22 កម្ពុជាភ្លាមៗ បន្ទាប់ពីក្រុមគោព្រៃកម្ពុជានេះ ដណ្ដើមបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃកីឡាស៊ីហ្គេម លើកទី៣០ ជាប្រវត្តិសាស្ដ្រ តាមរយៈការប្រកួតឈ្នះក្រុម U22 ម៉ាឡេស៊ី ដោយលទ្ធផល៣-១ នាល្ងាចថ្ងៃទី៤ ខែធ្នូនេះ ។
លោកឧកញ៉ាបានប្រកាសលើបណ្ដាញសង្គមផ្លូវការ របស់ក្រុមហ៊ុនថា KW Cambodia សូមចូលរួមអបអរសាទរ ជាមួយប្រជាជនកម្ពុជាទូទាំងប្រទេស ដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា U22 បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ KW Cambodia នឹងផ្តល់រង្វាន់ដល់ U22 កម្ពុជាដូចខាងក្រោម៖
ទី១៖ ផ្តល់ប្រាក់រង្វាន់ ១២ ០០០ ០០០រៀល(៣ពាន់ដុល្លារ) សម្រាប់វគ្គនេះ។
ទី២៖ នឹងផ្តល់ប្រាក់រង្វាន់ ១៦ ០០០ ០០០រៀល(៤ពាន់) បើបានលេខ ៣។
ទី៣៖ នឹងផ្តល់ប្រាក់រង្វាន់ ២០ ០០០ ០០០រៀល(៥ពាន់ដុល្លារ) បើបានលេខ ២។
ទី៤៖ នឹងផ្តល់ប្រាក់រង្វាន់ ៤០ ០០០ ០០០រៀល(១ម៉ឺនដុល្លារដុល្លារ) បើបានលេខ ១ ។
លោកបញ្ជាក់ថា KW Cambodia ពិតជាមានមោទនៈភាព ចំពោះការឧបត្ថម្ភនេះ បើទោះជាមិនច្រើន តែយើងចង់បង្ហាញពីការគាំទ្ររបស់យើង ចំពោះវិស័យបាល់ទាត់នៅកម្ពុជា និងទៅអនាគត។
ទន្ទឹមជាមួយគ្នាឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏បានបញ្ជាក់ប្រាប់ក្រុមការងារអង្គភាព Fresh News ដែលថា ការឧបត្ថម្ភនេះ គឺកើតឡើងដោយសារការមើលទម្រង់លេងល្អពេក របស់ក្រុមជម្រើសជាតិ U22 កម្ពុជា។
លោកថា «ខ្ញុំ Fan បាល់ទាត់កម្ពុជាជាង៣០ឆ្នាំមកហើយ ខ្ញុំមិនដែលឃើញជម្រើសជាតិយើងល្អដូចឆ្នាំនេះទេ។ ហេតុនេះយើងទើបខ្ញុំចង់ឧបត្ថម្ភ និងលើកទឹកចិត្ដដល់ពួកគាត់ ដែលបង្ហាញពីការលេងតំណាងជាតិពិតៗ។ នេះគ្រាន់តែជាការចាប់ផ្ដើម ប៉ុន្ដែនៅថ្ងៃក្រោយ ខ្ញុំនឹងបន្ដឧបត្ថម្ភគាំទ្រក្រុមជម្រើសជាតិកម្ពុជាបន្ដទៀត ឲ្យកម្ពុជាធ្វើបានល្អដូច្នេះ គឺខ្ញុំសប្បាយចិត្ត»៕