(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ភាគីទាំងពីរបានបង្ហាញការរំពឹងទុកថា កិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងកម្ពុជា-អាមេរិក នឹងកាន់តែមានវឌ្ឍនភាពបន្តទៅទៀត ខណៈទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកំពុងមានភាពល្អប្រសើរ។

ជំនួបពិភាក្សាខាងលើនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងការងារ នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។

លោក អ៉ិត សំហេង មានសុទិដ្ឋិនិយមថា ក្នុងអាណត្តិបេសកកម្មរបស់លោក W. Patrick Murphy កម្ពុជា-អាមេរិក នៅតែពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត។

ជាមួយគ្នានោះ លោក អ៉ិត សំហេង បានរៀបរាប់ពីវឌ្ឍនភាពលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការល្អជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ដូចជាអង្គការដៃគូនានា របស់សហរដ្ឋអាមេរិកផងដែរ ខណៈដែលពេលថ្មីៗនេះ គម្រោងរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា បានសម្រេចបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា រយៈពេល៣ឆ្នាំទៀត (២០២០-២០២២)។

លោក អ៉ិត សំហេង បានបន្ដថា កម្ពុជាទទួលស្គាល់ធាតុចូលសំខាន់នានា ដែលសហរដ្ឋអាមេរិកបានចូលរួមផ្ដល់ឱ្យកម្ពុជា ក្នុងការរៀបចំច្បាប់ បទបញ្ញត្តិ លិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាគម្រោងអភិវឌ្ឍន៍មួយចំនួន ក្នុងនោះច្បាប់ស្ដីពីការងារក៏ជាសមិទ្ធផលមួយ ដែលសហរដ្ឋអាមេរិកបានចូលរួមជួយដល់កម្ពុជា។

លោក អ៉ិត សំហេង និងលោក W. Patrick Murphy បានបង្ហាញគោលបំណងរួមគ្នាថា នៅតែបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកឱ្យកាន់តែជិតស្និទ្ធ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានផ្ញើសារទំនាក់ទំនងការទូតឱ្យគ្នាទៅវិញទៅមក ប្រកបដោយភាពជិតស្និទ្ធផងដែរ៕