(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសរកជនរងគ្រោះដែលត្រូវចោរឆក់នៅម្ដុំផ្សារ TK វេលាម៉ោង២រសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ មកទទួលយកខ្សែដៃមួយខ្សែដែលត្រូវក្រុមចោរឆក់ ហើយត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចេញប្រផាប់ចាប់ប្រភីងរហូតជនសង្ស័យផ្ដួលម៉ូតូ ហើយរត់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូសម្រាប់ធ្វើសកម្មភាព និងខ្សែដៃរបស់ជនរងគ្រោះ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមអំពាវនាវដល់ជនរងគ្រោះក្នុងហេតុការណ៍នេះ មកទទួលយកខ្សែដៃវិញ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានទីតាំងស្ថិតនៅក្នុងក្រសួងមហាផ្ទៃ។ រហូតមកដល់ពេលនេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងអធិការដ្ឋាននគរបាលខណ្ឌទួលគោក កំពុងសហការស្រាវជ្រាវ ដើម្បីតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
សូមជម្រាបថា នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌ ត្រូវបង្កើនការល្បាតក្នុងភូមិសាស្ដ្រគ្រោះថ្នាក់ សម្ដៅកាត់បន្ថយបទល្មើស និងឈានដល់ការបង្ក្រាបជនដៃដល់៕