(ភ្នំពេញ)៖ ការបង្ក្រាបករណីជួញដូរ និងកែច្នៃគ្រឿងញៀនដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបើកប្រតិបត្តិការរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងជំនាញបានចាប់ខ្លួនជនជាតិវៀតណាម ៤នាក់ ដកហូតថ្នាំញៀនជិត ១០០គីឡូក្រាម និងសារធាតុគីមីផ្សំជាង២៨គីឡូក្រាម។

ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ប្រតិបត្តិការគ្រឿងញៀនដ៏ធំនេះ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ, កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន «ក៣» សហការជាមួយនគរបាលមូលដ្ឋាន បានស្រាវជ្រាវ និងបើកប្រតិបត្តិការជាក់ស្តែងបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលគ្មានលេខ ក្រោយមន្ទីរពេទ្យរបេង ផ្លូវ១១៣ ក្រុម២៣ ភូមិ៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនៅយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យជនជាតិវៀតណាមទាំង៤នាក់ដែលឃាត់ខ្លួនរួមមាន៖

*ទី១ ៖ ឈ្មោះ Nguyen Yuan Anh ភេទប្រុស
*ទី២ ៖ ឈ្មោះ Phuong Hoang Veit ភេទប្រុស
*ទី៣ ៖ ឈ្មោះ Nguyen Thi Thuy Ngoc ភេទស្រី
*ទី៤ ៖ ឈ្មោះ Nguyen Thi Thuy Ngan ភេទស្រី ជាមួយចាប់យកវត្ថុតាំង មេតំហ្វេតាមីន (ICE) ជិត១០គីឡូក្រាម។

ឧត្តមសេនីយ៍ឯកបានបញ្ជាក់ទៀតថា ក្រោយការចាប់ខ្លួន និងក្រោយការសួរនាំ កម្លាំងនគរបាលក្រោមការសម្របសម្រួល ពីតំណាងអយ្យការ បានជនសង្ស័យបន្តចុះឆែកឆេរ ទីតាំងកែច្នៃគ្រឿងញៀន ស្ថិតនៅផ្ទះលេខ១៦៨ ផ្លូវលេខ១១២ ភូមិបោះអង្គាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយរកឃើញ៖

១៖ ក្រាមសារធាតុញៀន អិចស្តាសី (MDMA) ២០ញ្ចប់ធំ ស្មើទម្ងន់ជាង២០គីឡូក្រាម
២៖ សារធាតុរាវពណ៍ស Acetone ចំនួន៣៨ដប ស្មើទម្ងន់ជាង១២គីឡូក្រាម
៣៖ ម្សៅក្រាមពណ៍១កញ្ចប់តូច, (ICE) ១.៨៥ក្រាម
៤៖ សារធាតុរាវពណ៍ខ្មៅ សារធាតុអិចស្តាសី MDMA ២៤ចានជ័រ ស្មើទម្ងន់ជាង៥៤គីឡូក្រាម។
៥៖ ឧបករណ៍កែច្នៃមួយចំនួនធំបន្ថែមទៀត
៦៖ សារធាតុរាវ Acid ជាង១៦គីឡូក្រាម។

បើសរុបវត្ថុតាងចាប់យកទាំង២គោលដៅរួមមាន៖ ១៖ មេតំហ្វេតាមីន (ICE) ៩៩២៧.៣២ក្រាម, អិចស្តាស៊ី (MDMA) ទម្ងន់៧៤៧៦៩.២៥ក្រាម (សរុបសារធាតុញៀនជាង៨៤គីឡូក្រាម) និងសារធាតុគីមីផ្សំជាង២៨គីឡូក្រាម។

បន្ទាប់ពីនគរបាលនាំជនសង្ស័យចុះឆែកឆេរទីតាំងកែច្នៃគ្រឿងញៀន នៅទីតាំងខាងលើរួចមកនគរបាលបាននាំជនសង្ស័យ និងវត្ថុតាងមកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

ពាក់ព័ន្ធករណីខាងលើនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចង្អុលដឹកនាំអង្គភាពជំនាញ ឲ្យបន្តធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីតាមចាប់មេក្លោង និងបង្ក្រាបឲ្យដល់ឬសគល់៕