(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានរអញ្ជើញចូលរួមប្រកាសលោក សេង ធា ឲ្យចូលកាន់មុខតំណែងជាអភិបាលស្រុកពាមជរ ខេត្តព្រៃវែង ជំនួសលោក សៅ ប្រសិដ្ឋ ឲ្យទៅបម្រើការងារនៅសាលាខេត្ត។ ពិធីនេះបានធ្វើឡើងនៅសាលាស្រុកពាមជរ ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ មន្រ្តីសាលាស្រុកជាច្រើនរូបផងដែរ។
លោក ជា សុមេធី អភិបាលខេត្ត បានណែនាំដល់អភិបាលស្រុកដែលតែងតាំងថ្មីនេះ ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន តាមរយៈចំណេះដឹងសមត្ថភាព និងបទពិសោធន៍ការងារ របស់ខ្លួន ពិសេសអនុវត្តឲ្យបានត្រឹមត្រូវ និងខ្ជប់ខ្ជួនតាមការប្តេជ្ញាចិត្ត។ មិនតែប៉ុណ្ណោះ អភិបាលស្រុកថ្មី ត្រូវបន្តចូលរួមដឹកនាំអភិវឌ្ឍន៍ស្រុកពាមជរ ឲ្យកាន់តែមានភាពរីកចំរើន និងទទួលបានសមិទ្ធិផលថ្មីៗបន្ថែមទៀត ព្រមទាំងចូលរួមក្នុងការការពារសុខសន្តិភាព ដែលយើងទទួលបានដោយកម្រ និងលំបាកដែលមាននៅពេលបច្ចុប្បន្ននេះ។
លោកអភិបាលខេត្ត ក៏បានបន្តទៀតថា អភិបាលស្រុក ដែលទើបនឹងតែងតាំងថ្មីនេះត្រូវ ពង្រឹងការងារឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរបែងចែកទួននាទីភារៈកិច្ចការងារ ដល់គណៈអភិបាលស្រុក ឲ្យបានច្បាស់លាស់។ ត្រូវបម្រើផ្តល់សេវាសាធារណៈ ជួបបងប្អូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ភូមិ-ឃុំ មានសុវត្ថិភាព ជូនបងប្អូនជាពលរដ្ឋឲ្យបានល្អប្រសើរ។
លោក សេង ធា អភិបាលស្រុកពាមជរ ដែលទើបបានតែងតាំងថ្មីបានឡើងប្តេជ្ញាចិត្តនឹងខិតខំធ្វើការងារ បំរើការងារ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងគោរពការពារដាច់ខាតនូវបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ គោរពតាមរដ្ឋធម្មនុញ្ញច្បាប់គោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន គោរព និងអនុវត្តតាមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ៕