(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ និងកោតសរសើរសម្រាប់កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ដែលបានយកឈ្នះកីឡាករម៉ាឡេស៊ី ដោយលទ្ធផល៣-១ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ។
ជាមួយនឹងសារអបអរសាទរ និងកោតសរសើរនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរឱ្យកីឡាករជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យនៅវគ្គបន្ទាប់ទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលគាំទ្រវិស័យកីឡា។ ជាពិសេសអ្នកចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋាន និងតាមទូរទស្សន៍។
សូមបញ្ជាក់ថា ប្រវត្តិកីឡាស៊ីហ្គេម គិតចាប់ពីត្រឹមឆ្នាំ១៩៩៥មក កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា មិនដែលបានយកឈ្នះម៉ាឡេស៊ីនោះឡើយ ហើយក៏មិនដែលបានឡើងទៅវគ្គខ្វែងពូលនោះដែរ។ ដូច្នេះការដណ្តើមជ័យជម្នះរបស់កម្ពុជាក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមនៅថ្ងៃនេះ គឺជាការបំបែកកំណត់ត្រាថ្មីក្នុងការយកឈ្នះ ហើយក៏ជាការបំបែកកំណត់ត្រាឆ្លងទៅវគ្គខ្វែងពូល ឬវគ្គពាក់កណ្តាលផ្តាច់ព្រាត់ផងដែរ៕