(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ នឹងបើកសន្និសីទព័ត៌មានស្តីពី «ប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ» នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សន្និសីទនេះធ្វើឡើងក្នុងគោលបំណងពង្រីកការយល់ដឹងដល់សាធារណជនស្តីពីពូជស្វាយ និងតម្រូវការទីផ្សារអន្តរជាតិចំពោះផលិតផលផ្លែស្វាយរបស់កម្ពុជានាពេលបច្ចុប្បន្ន។
សន្និសីទនេះនឹងមានការអញ្ជើញចូលរួមបកស្រាយពីលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា បច្ចុប្បន្នផ្លែស្វាយរបស់កម្ពុជា កំពុងនាំទៅប្រទេសវៀតណាម ថៃ សិង្ហបុរី បារាំង និងរុស្ស៉ី។ ក្នុងមួយថ្ងៃកម្ពុជានាំចេញប្រមាណ ១២០តោន។
របាយការណ៍បានបង្ហាញថា ក្នុងរយៈពេលប្រមាណ ១១ខែឆ្នាំ២០១៩នេះ កម្ពុជានាំចេញផ្លែស្វាយបានជិត ៥ម៉ឺនតោន។ ទីផ្សារធំពីរទៀត ដែលកម្ពុជាកំពុងស្វះស្វែងសម្រាប់នាំស្វាយចេញនោះ គឺទីផ្សារប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង៕