(ភ្នំពេញ)៖ អគ្គលេខាធិការ សមាគមអន្ដរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង លោក Robert Beugre MAMBE បានបង្ហាញនូវការស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះការរីកចម្រើនរបស់រាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានប្រែក្លាយកម្ពុជាពីប្រទេសខ្ទេចខ្ទាំ មកជាប្រទេសដែលមានការអភិវឌ្ឍ។
ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់មហាសន្និបាតលើកទី៩ របស់សមាគមអន្ដរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលកំពុងធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ លោក Robert Beugre MAMBE បានអះអាងថា ការរីកចម្រើន អភិវឌ្ឍន៍របស់កម្ពុជានាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្ដាច់ពីកត្តាសន្ដិភាពបាននោះឡើយ ព្រោះសន្ដិភាពពិតជាមានតម្លៃណាស់។
អគ្គលេខាធិការសមាគម AIMF បានថ្លែងយ៉ាងដូច្នេះថា «ពួកខ្ញុំមានការភ្ញាក់ផ្អើលពេញចិត្តខ្លាំង ពួកខ្ញុំមានភាពស្ញប់ស្ញែង ដូច្នេះក៏បានសុំឲ្យសមាជិក ដែលជាចៅហ្វាយក្រុងគាំទ្រ ដល់កិច្ចការរបស់អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ដូចជាកិច្ចការរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។ អ្វីដែលជាធនធានសម្បត្តិល្អបំផុតនៅក្នុងប្រទេសនេះ គឺសុខសន្ដិភាព»។
អគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ទៀតថា ដើម្បីឲ្យសន្ដិភាពនេះ រក្សាបានគង់វង្សលោកសូមឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវតែចេះរួបរួម និងសាមគ្គីគ្នា។ លោកជឿជាក់ថា នៅថ្ងៃអនាគតប្រសិនបើកម្ពុជា នៅតែបន្ដមានសុខសន្ដិភាពដូចពេលបច្ចុប្បន្ននេះ កម្ពុជា គឺច្បាស់ជាកាន់តែរីកចម្រើនខ្លាំងជាងពេលនេះទៅទៀត៕