(សៀមរាប)៖ សន្និសីទច្បាប់លើកទី២ នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ក្រោមកិច្ចសហការរៀបចំដោយក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្រារព្ធឡើងនៅសណ្ឋាគារសុខា ខេត្តសៀមរាប នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពរបស់លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា និងលោក ឡេ ថាញ់ឡុង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងវត្តមានអ្នកចូលរួមអង្គរសន្និសីទ ជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះដែរ លោក អង្គ វង្ស វឌ្ឍនា បានថ្លែងថា សន្និសីទច្បាប់លើកទី២ កំពុងប្រព្រឹត្តិ ទៅនាឱកាសនេះ គឺជាលទ្ធផលផ្លែផ្កា នៃសន្និសីទច្បាប់ លើកទី១ ដែលប្រារព្ធធ្វើឡើងយ៉ាងជោគជ័យ កាលពីថ្ងៃទី២៩-៣០ សីហា ឆ្នាំ២០១៧ នៅខេត្តតៃនិញ ប្រទេសវៀតណាម ហើយសន្និសីទនេះ នឹងក្លាយជាវេទិកានៃកិច្ចពិភាក្សាកម្រិតខ្ពស់ រវាងថ្នាក់ដឹកនាំ និងស្ថាប័នអនុវត្តច្បាប់ និងយុត្តិធម៌របស់ប្រទេសទាំងពីរ ដើម្បីផ្លាស់ប្ដូរទស្សនៈវិស័យ បទពិសោធន៍ និងពង្រឹងនូវការយោគយល់គ្នាទៅវិញទៅមក សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអនុវឌ្ឍន៍រួមនៅក្នុងវិស័យច្បាប់ និងយុត្តិធម៌។
លោក អង្គ វង្ស វឌ្ឍនា បានបន្តថា សន្និសីទនេះ ក៏ជាសក្ខីភាពថ្មីមួយទៀត នៃការពង្រឹង និពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងការបន្តកិច្ចសហប្រតិបត្តិការ ជាប្រពៃណីរវាងប្រទេសយើងទាំងពីរ លើគ្រប់វិស័យ ជាពិសេសការពង្រឹង ពង្រីក និងការបន្តកិច្ចសហប្រតិបត្តិការ រវាងក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម រហូតសម្រេចបាននូវសមិទ្ធផល និងជោគជ័យជាច្រើនកន្លងមក ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅរួមចំណែក ក្នុងការទប់ស្កាត់សណ្ដាបទល្មើសឆ្លងដែន ផ្ដល់សេវាយុត្តិធម៌ និងរកដំណោះស្រាយឱ្យកាន់តែមានប្រសិទ្ធិភាព នូវរាល់បញ្ហាដែលកើតឡើង តាមបណ្ដាខេត្តជាប់ព្រំដែន សម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងក្នុងគោលបំណងរួមចំណែករក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ស្ថេរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ នៃខេត្តជាប់ព្រំដែនរបស់ប្រទេសទាំងពីរ។
លោកបានគូសបញ្ជាក់ថា សកម្មភាពនៃកិច្ចសហប្រតិបត្តិការ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ដូចជា ការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរទស្សនកិច្ច និងបទពិសោធន៍នៃការអនុវត្តច្បាប់ និងសេចក្ដីសម្រេចតុលាការទាំងរឿងក្ដីព្រហ្មទណ្ឌ និងរដ្ឋប្បវេណី, កិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរ បទពិសោធន៍បទល្មើសឆ្លងដែន (គ្រឿងញៀន ជួញដូរអាវុធជាតិផ្ទុះ ជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ បទល្មើសព្រៃឈើ ការសំអាតប្រាក់ ការឆ្លងដែនដោយខុសច្បាប់ ជាដើម)។
ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន និងកិច្ចព្រមព្រៀងជាច្រើនរវាងសាលាដំបូងខេត្ត ចំនួន៩ ដែលស្ថិតនៅជាប់ព្រំដែន នៃប្រទេសវៀតណាម រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កំពត កណ្ដាល តាកែវ ត្បូងឃ្មុំ មណ្ឌលគិរី រតនៈគិរី និងក្រចេះ ត្រូវបានបង្កើតឡើង ជាបន្តបន្ទាប់ ទាំងវិស័យច្បាប់ និងក្នុងវិស័យតុលាការ ដូចជា សេចក្ដីប្រកាស់រួមនៃសន្និសីទតុលាការជាប់ព្រំដែនកម្ពុជា វៀតណាម និងឡាវ, កិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការលើការងារបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន រវាងសាលាដំបូងខេត្តស្វាយរៀង និងតុលាការប្រជាជន ខេត្តឡុងអាន, កិច្ចសហប្រតិបត្តិការលើដំណើររឿងក្ដី និងចែករំលែកបទពិសោធន៍តាមរយៈបំពេញទស្សនៈកិច្ចទៅវិញទៅមក រវាងសាលាដំបូង ខេត្តព្រៃវែង និងតុលាការប្រជាជនខេត្តដុងថាប់, កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ រវាងសាលាដំបូងខេត្តរតនៈគិរី និងតុលាការ ប្រជាជនខេត្តយ៉ាឡាយ ជាដើម៕