(កំពង់ធំ)៖ ការងារអធិការកិច្ច គឺជាការងារមានសារៈសំខាន់បំផុត និងជាការឆ្លុះបញ្ចាំងឲ្យឃើញ ពីការប្តេជ្ញាចូលរួមចំណែក អនុវត្តន៍គោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ នេះជាការលើកឡើងរបស់មន្រី្តជាន់ខ្ពស់ក្រសួងមហាផ្ទៃ។
លោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងបែបនេះក្នុងឱកាសរដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំបិទការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារ នៅសាលាខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោកបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ការងារអធិការកិច្ច គឺជាកិច្ចការប្រកបដោយសារៈសំខាន់បំផុត និងជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការប្តេជ្ញាដ៏ខ្ពង់ខ្ពស់ក្នុងការចូលរួមចំណែក អនុវត្តន៍គោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលការងារ នៃការអនុវត្តសកម្មភាពការងារនានារបស់មន្ត្រីរាជការស៉ីវិល មន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ទាំងនៅអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ»។
លោក អង មង្គល បានបន្ថែមទៀតថា ក្រោយពីបានបញ្ចប់ការងារអធិការកិច្ចរួចមក ក្រុមការងារអធិការកិច្ចរបស់ក្រសួងមហាផ្ទៃ ដោយមានកិច្ចសហការល្អពីបណ្តាគ្រប់អង្គភាពពាក់ព័ន្ធ បានរកឃើញនូវចំណុចវិជ្ជមានជាច្រើនរបស់រដ្ឋបាលខេត្តកំពង់ធំ និងបណ្តាអង្គភាពនានាដែលជាគោលដៅអធិការកិច្ច។
លោកថ្លែងថា ទន្ទឹមនោះក្រុមការងារក៏បានរកឃើញនូវចំណុចអវិជ្ជមានមួយចំនួន ដែលទាមទារឲ្យរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងបណ្តាអង្គភាពដែលជាគោលដៅអធិការកិច្ច ចាំបាច់ត្រូវធ្វើការកែសម្រួលលើចំណុចទាំងនោះ ដែលជាគន្លឹះយ៉ាងសំខាន់សម្រាប់ធ្វើការកែលម្អ និងពង្រឹងប្រព័ន្ធនៃការបំពេញការងារ នៃការអនុវត្តតួនាទី ភារកិច្ចឲ្យកាន់តែមានភាពល្អប្រសើរ ជាពិសេសការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព សុច្ចរិតភាពគណនេយ្យភាព និងភាពឆ្លើយតប។
លោក អង មង្គល បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរបស់បណ្តារដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពនានា ក្នុងការធ្វើឲ្យការងារអធិការកិច្ចនេះ សម្រេចបានជោគជ័យគួរជាទីមោទនៈ។
លើសពីនេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារក្រសួងមហាផ្ទៃ ដែលបានចុះមកធ្វើអធិការកិច្ច លើកិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារនៅខេត្តកំពង់ធំ អស់រយៈពេល ៥ថ្ងៃកន្លងមក ដោយបានរកឃើញនូវ ចំណុចល្អ និងចំណុចខ្វះខាតមួយចំនួន របស់រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំងទទួលយកនូវអនុសាសន៍ណែនាំនានារបស់សវនករ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីបំពេញបន្ថែមឡើងវិញនូវចំណុចខ្វះខាតនានាកន្លងមក ក្នុងការអនុវត្តន៍នូវតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរថែមទៀត៕