(ភ្នំពេញ)៖ សៀវភៅ «ពូទីន ២០ឆ្នាំក្នុងអំណាច» ជាស្នាដៃថ្មីលើកដំបូងបំផុតដែលសិក្សាអំពីនយោបាយក្នុងប្រទេស និងនយោបាយការបទេសរបស់សហពន្ធរុស្ស៉ីសករាជថ្មី ក្រោយពីការដួលរលំអតីតសហភាពសូវៀត។ វណ្ណកម្មនេះ គឺជាបទនិពន្ធ និង ស្រាវជ្រាវដោយ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ អេង ប៉ូលីត សូឡារី ដែលធ្លាប់បានរស់នៅ និង រៀនសូត្រ ប្រមាណ ១០ឆ្នាំ នៅសហពន្ធរុស្ស៉ី។
អ្នកនិពន្ធ អេង ប៉ូលីត សូឡារី បានពន្យល់ពីសារៈសំខាន់នៃសៀវភៅនេះថា «នៅក្នុងប្រព័ន្ធនយោបាយពិភពលោកសតវត្សរ៍ទី២១នេះ ការសម្រេចចិត្តផ្នែកនយោបាយណាមួយនៅវិមានក្រឹមឡាំង អាចនឹងជិះឥទ្ធិពលដល់ទីក្រុងភ្នំពេញ ដោយផ្ទាល់ ឬដោយប្រយោល។»។ មិនតែប៉ុណ្ណោះ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនេះ រម្លឹកបន្ថែមទៀតថា «រដ្ឋធានីម៉ូស្គូឆ្នាំ២០២០ ខុសប្លែកពីក្រុងម៉ូស្គូ នាចន្លោះទសវត្សរ៍១៩៦០ ដល់១៩៩០។ ប្រទេសរុស្ស៉ីជំនាន់ពូទីន ខុសប្លែកពីរុស្ស៉ីជំនាន់យែលស៊ីន ឬ ខុសពីរជ្ជកាលអតីតសហភាពសូវៀតរបស់ហ្គ័របាឆូវនោះឡើយ។ ហេតុដូច្នេះហើយ ទើបអ្នកអានខ្មែរ ពិសេសសិស្សនិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ ព្រមទាំងមន្ត្រីទូត គួរគប្បីអានសៀវភៅនេះ»។
ជីវិតកុមារភាពរបស់ប្រធានាធិបតីរុស្ស៉ី វ៉្លាឌីមៀរ ពូទីន គឺចាប់ផ្តើមពីគ្រួសារក្រីក្រ ដែលលោកតស៊ូប្រឹងរស់ និងដោយមិនទម្លាក់ដាក់បន្ទុកទៅលើសង្គមដែលបែកបាក់ដោយសារវិបាកនៃសង្គ្រាមនិងការដួលរលំនៃអតីតសហភាពសូវៀត។ ចំពោះអ្នកអានដែលមានក្តីសុបិនចង់អភិវឌ្ឍខ្លួនឱ្យក្លាយជាបុគ្គលមានតម្លៃ ជាឧត្តមជន ជាបុគ្គលល្បីល្បាញ ជាមេដឹកនាំនោះ, អ្នកនិពន្ធ អេង ប៉ូលីត សូឡារី បង្ហាញក្តីសង្ឃឹមថា សៀវភៅមួយក្បាលនេះពិតជាអាចក្លាយជាឱសថជំរុញចិត្តរបស់អស់លោកអ្នកបន្ថែមទៀត។ ដ្បិតថា វណ្ណកម្មនេះបានរៀបរាប់អំពីជីវិតរបស់មេដឹកនាំម្នាក់ ដែលបានប្រែក្លាយជីវិតពីក្មេងអន្ធពាលចូលចិត្តវាយតប់នៅក្នុងភូមិ ទៅជាប្រធានាធិបតីនៃប្រទេសមហាអំណាចមួយក្នុងពិភពលោក។
នៅពេលនិយាយដល់ប្រទេសរុស្ស៉ី ពលរដ្ឋខ្មែរមួយចំនួនច្រើនតែងនឹកឃើញដល់ ធាតុអាកាសត្រជាក់ស្ទើរកក, របបលទ្ធិកុម្មុយនីស្តផ្តាច់ការ, ស្រាវូដកា,... ជាដើម។ ប៉ុន្តែទាំងអស់នេះគ្រាន់តែជាការបរិយាយដ៏តូចមួយផ្នែករបស់ប្រទេសរុស្ស៉ីតែប៉ុណ្ណោះ។ អ្នកនិពន្ធ អេង ប៉ូលីត សូឡារី បានបញ្ជាក់ ថា សៀវភៅ «ពូទីន ២០ឆ្នាំក្នុងអំណាច» នឹងដាស់ស្មារតីអ្នកអានពីដំណេកលង់លក់ និងដែលតែងរស់នៅក្នុងអតីតកាលរបស់ប្រទេសរុស្ស៉ី។
គួរជម្រាបជូនថា លោក អេង ប៉ូលីត សូឡារី បានសិក្សាជំនាញនីតិសាស្ត្រនៅរាជធានីភ្នំពេញ រួចហើយលោកទទួលអាហារូបករណ៍ទៅសិក្សានៅម៉ូស្គូ ឯកទេស វិទ្យាសាស្ត្រនយោបាយ ក្នុងរយៈពេល៦ឆ្នាំ។ បន្ទាប់មក និស្សិតរូបនេះរៀនចប់ជំនាញមួយទៀត ផ្នែកទំនាក់ទំនងអន្តរជាតិ នៅឆ្នាំ២០១៣។ អំឡុងពេលបន្តវិជ្ជានៅរដ្ឋធានីម៉ូស្គូ លោកបានត្រូវជ្រើសតាំងជាប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសហព័ន្ធរុស្ស៉ី។ ក្នុងគន្លងវិជ្ជាជីវៈ លោកធ្លាប់បានបម្រើការរយៈពេល៤ឆ្នាំ នៅវិទ្យាសា្ថនអាស៊ី-អាហ្វ្រិក នៃសកលវិទ្យាល័យរដ្ឋម៉ូស្គូ ឡូម៉ូណូសូវ (Lomonosov)។
ជាមួយគ្នានេះ លោក ហេង ឧត្តម ជាបណ្ណាធិការមួយរូប ដែលបានពិនិត្យសៀវភៅនេះ បានលើកឡើងថា ក្រុមការងារបោះពុម្ពនៃ«គ្រឹះស្ថានបោះពុម្ពឯកសារខ្មែរ» ចង់ឱ្យប្រិយមិត្តអ្នកអានខ្មែរ បើកចំហជើងមេឃ តាមរយៈការតាមដាននិងឈ្វេងយល់ស្ថានការណ៍ពិភពលោក។ ក្នុងន័យនេះហើយ ក្រុមការងាររបស់លោកបានខិតខំជ្រោមជ្រែងបោះផ្សាយសៀវភៅ «អាស៊ីប៉ាស៊ីហ្វិក បេះដូងនៃពិភពលោកសតវត្សរ៍ទី២១» និពន្ធដោយអ្នកវិភាគនយោបាយភូមិសាស្ត្រអន្តរជាតិដ៏ល្បាញល្បី គឺលោក ហ្សង់-ហ្វ្រង់ស័រ តាន់។
ក្រោយពីបានពិនិត្យនិងអានសៀវភៅ «ពូទីន ២០ឆ្នាំក្នុងអំណាច» ដោយយកចិត្តទុកដាក់ លោក ហេង ឧត្តម យល់ថា ខ្លឹមសាររបស់សៀវភៅនេះ ងាយស្រួលយល់! ពាក្យពេចន៍ ពីរោះមួយបែប ហើយលោកជឿជាក់ថា មិត្តអ្នកអាននឹងទទួលបានរសជាតិថ្មី ពីរុស្ស៉ី និងបានក្រេបចំណេះដឹងប្លែកពីស្នាដៃថ្មីនេះ ដែលនិពន្ធ និងស្រាវជ្រាវដោយស្នាដៃកូនខ្មែរ។
ប្រសិនបើលោកអ្នកនាងចង់ទាក់ទងអ្នកនិពន្ធ អេង ប៉ូលីត សូឡារី សូមហៅទូរសព្ទ៖(៨៥៥) ៨៨ ៥១២៣ ៤៤៤៕