(តាកែវ)៖ លោក សុខ ផេង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកទ្រាំង និងលោក សុខ ពុទ្ធិវុធ អនុប្រប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ បានលើកឡើងប្រាប់ប្រជាពលរដ្ឋពិកិច្ចខឹតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋ និងនៅរួមសុខរួមទុកជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
ថ្លែងនៅក្នុងឱកាសចូលរួមអង្គមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ ដល់ ២ធ្នូ២០១៩) នៅក្នុងស្រុកទ្រាំង នៅព្រឹកថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ លោក សុខ ផេង បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅថ្ងៃ២ធ្នូ នៅខេត្តក្រចេះ និងបានរំដោះប្រទេសជាតិទាំងស្រុង ពីរបបខ្មែរក្រហមនៅថ្ងៃ៧ មករា ឆ្នាំ ១៩៧៩។
លោកថ្លែងបន្តថា ក្រោយថ្ងៃរំដោះប្រជាពលរដ្ឋ និងប្រទេសពីរបបសាហាវព្រៃផ្សៃប៉ុល ពត គណបក្សប្រជាជនកម្ពុជា បានបន្តការពារមិនឲ្យរបបខ្មែរក្រហមវិលមកដឹកនាំប្រទេសវិញ និងខឹតខំកសាងប្រទេសពីគំនរផេះផង់ រហូតដល់នាំសុខសន្តិភាពទាំងស្រុង ជូនប្រទេសជាតិនៅក្នុងឆ្នាំ១៩៩៩។
លោក សុខ ផេង បានបន្តថា បើទោះបីជាប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍគ្រប់បែបយ៉ាងយ៉ាងណាក៏ដោយ ក៏មន្រ្តីគណបក្សប្រជាជនកម្ពុជា នៅតែតាមបម្រើ និងជួយប្រជាពលរដ្ឋគ្រប់ពេលវេលា។ រាល់ពេលដែលប្រជាពលរដ្ឋជួបទុក្ខលំបាក គឺតែងតែលេចមុខមន្រ្តីគណបក្សប្រជាជនចុះមកជួយជានិច្ច ដូច្នោះសូមប្រជាពលរដ្ឋបន្តគាំទ្រគណប្រជាជនតទៅទៀត ព្រោះនៅពេលដែលគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស គឺប្រជាពលរដ្ឋ និងប្រទេសជាតិរស់នៅក្នុងភាពសម្បូរសប្បាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
នៅក្នុងឱកាសនោះដែរ លោក សុខ ពុទ្ធិវុធ ក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋជាពិសេសយុវជនជំនាន់ក្រោយ ត្រូវរួមគ្នាថែរក្សា និងការពារឲ្យបានជាដាច់ខាតនូវសុខសន្តិភាព ដែលជាមូលដ្ឋានគ្រិះក្នុងការអភិវឌ្ឍប្រទេស និងភាពរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ និងត្រូវស្ថិតនៅពីក្រោយរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងដោយប្រជាពលរដ្ឋ៕