(ភ្នំពេញ)៖ របាយការណ៍ផ្លូវការដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅរយៈពេល១១ខែ ពោល គឺចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញកសិផលផ្លូវការ (តាមច្រកចេញចូលតែមួយ) ចំនួន៣,៩១៩,០៣៣តោន តែបើគិតចំនួននាំចេញទាំងក្រៅផ្លូវការមានរហូតដល់ ៥,៨៣២,៣៩៧តោន។
របាយការណ៍បង្ហាញថា នៅរយៈពេល១១ខែមកនេះ កម្ពុជានាំចេញអង្ករបានជិត៥២ម៉ឺនតោន ដំឡូងមីស្រស់-ក្រៀម-ម្សៅជាង២លានតោន, គ្រាប់ស្វាយចន្ទីជិត១៧ម៉ឺនតោន, គ្រាប់ពោតជាង១១ម៉ឺនតោន, សណ្តែកសៀងជាង៥ម៉ឺនតោន, ចេកជាង១៤ម៉ឺនតោន, ស្វាយជិត៥ម៉ឺនតោន និងដំណាំផ្សេងៗទៀតជិត២៦ម៉ឺនតោន។
ទីផ្សារកសិផលរបស់កម្ពុជា រួមមានប្រទេសចិន សហគមន៍អឺរ៉ុប វៀតណាម ថៃ កូរ៉េ ឥណ្ឌា អូស្ត្រាលី អារ៉ាប៊ីសាអូឌីត និងប្រទេសមួយចំនួនទៀត៕