(ភ្នំពេញ)៖ ប្រតិបត្តិការបង្ក្រាប ទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ នៅទីតាំងផ្ទះលេខ៤៧ ផ្លូវ ១១២ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោយចាប់វៀតណាម៤នាក់ និងថ្នាំញៀន១០គីឡូក្រាម នៅវេលាម៉ោង១០៖១០នាទី ព្រឹកនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ សមត្ថកិច្ចរកឃើញគ្រឿងញៀន និងវត្ថុធាតុដើមកែច្នៃជាច្រើនថែមទៀត។
ប្រតិបត្ដិការចុះឆែកឆេរនេះ គេឃើញមានវត្តមាននាយកឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿញ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ, ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន, ឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួល ផែនការងារប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ និងដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ការចុះប្រតិបត្តិការឆែកឆេរនេះ ដោយផ្នែកតាមចម្លើយសារភាពជនសង្ស័យ០៤នាក់ ដែលឃាត់ខ្លួនបាននៅចំណុចផ្ទះជួល សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នាវេលាម៉ោង២២៖៥០នាទី ដកហូតវត្ថុតាង៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១០គីឡូក្រាម (ចំនួន១០កញ្ចប់)។
ការឆែកឆេរនៅទីតាំងខាងលើសមត្ថកិច្ចរកឃើញ៖ ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់, ក្រាមពណ៌ត្នោត២០កញ្ចប់, សារធាតុរាវ៣៨ដប* សារធាតុរាវពណ៌ខ្មៅ ២៤ចានជ័រធំ (ក្លាសេក្នុងទូរទឹកកក០២), ឧបករណ៍ផលិតកែច្នៃមួយចំនួន, សារធាតុរាវពណ៌ស១ប៊ីដុង។ វត្ថុតាងដកហូតពីទីតាំងខាងលើ ប្រគល់ជូនមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាត់ការបន្ត។
បើតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យទាំង៤នាក់ មានឈ្មោះរួមមាន៖
*ទី១ ៖ ឈ្មោះ ទួន អាញ់ អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង
*ទី២ ៖ ឈ្មោះ ហ័ង វៀត អាយុ២២ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង
*ទី៣ ៖ ឈ្មោះ ធី ងុក ភេទស្រី អាយុ២១ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង
*ទី៤ ៖ ឈ្មោះ ធី ងីន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង៕