(ភ្នំពេញ)៖ នគរបាលទំនើងដែលគេដឹងថា មានផ្ទុកដោយសារជាតិញៀន ឈ្មោះ សុង វិសិដ្ឋ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីមន្ត្រីនគបាលរូបនេះ បានចាប់ខ្លួនករណីយកអាវុធ AK47 បាញ់ជាច្រើនគ្រាប់បណ្តាលឲ្យរងរបួសពលរដ្ឋស៉ីវិលម្នាក់ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ផ្ដើមចេញពីរឿងចិញ្ចឹមឆ្កែ។
ជនសង្ស័យ សុង វិសិដ្ឋ ត្រូវបានបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយកម្លាំងនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគបាលរាជធានីភ្នំពេញ។ នេះបើតាមមន្ត្រីតុលាការ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃនេះ។
សូមបញ្ជាក់ថា ជម្លោះរវាងមន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ខណ្ឌទួលគោក ជាមួយអ្នកជិតខាង រហូតផ្ទុះអាវុធចំនួន៤គ្រាប់ បណ្ដាលឲ្យត្រូវជនរងគ្រោះ១គ្រាប់ចំខ្នង បានកើតឡើងនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ផ្ដើមចេញពីរឿងជនរងគ្រោះមានចិញ្ចឹមឆ្កែ។
លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា មូលហេតុដែលនាំឲ្យមានជម្លោះនេះ គឺផ្ដើមចេញពីសត្វឆ្កែចិញ្ចឹមរបស់ជនរងគ្រោះ ធ្លាប់ខាំមន្ដ្រីនគរបាល ហើយក៏ធ្លាប់ទាស់ពាក្យសម្ដីគ្នា កាលពីពេលកន្លងទៅផងដែរ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលស្រង់ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មន្ដ្រីនគរបាលខាងលើ បានទាញកាំភ្លើង AK47 បាញ់ចំនួន៤គ្រាប់ផ្ទួនៗ ដោយ៣គ្រាប់បាញ់ឡើងលើ និង១គ្រាប់ទៀត បាញ់ត្រូវចំខ្នងរបស់ជនរងគ្រោះបណ្ដាលឲ្យរងរបួស ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៕