(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យគណៈប្រតិភូ អញ្ជើញមកពីខេត្តហាយណាន ប្រទេសចិន ដែលដឹកនាំដោយ លោក Wang Yeqiao នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Hainan State Farms Holding Group Co., Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទង គម្រោងវិនិយោគលើវិស័យកសិកម្ម នៅទីស្ដីការក្រសួងកសិកម្ម។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយទស្សនកិច្ចនេះ ពិតជាមានសារៈសំខាន់ ក្នុងការលើកកម្ពស់ ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងឲ្យកាន់តែរឹងមាំ និងស្ថិតស្ថិរយូអង្វែងថែមទៀត
លោកបន្ដថា មិនត្រឹមតែប៉ុណ្ណោះ វាជាការបើកផ្លូវ ឲ្យបានទូលាយសម្រាប់ខេត្តហាយណាន មកសិក្សាស្វែងយល់បន្ថែម អំពីសក្តានុពលពីវិស័យកសិកម្មកម្ពុជា និងបង្កើតកិច្ចសហប្រតិបត្តិការ រវាងខេត្តហាយណាន ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលអនាគតដ៏ខ្លី ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យនេះ ឲ្យមានការរីកចម្រើនសមស្របតាមយុទ្ធសាស្រ្ត «ផ្លូវ និងខ្សែក្រវ៉ាត់» របស់លោកប្រធានាធិបតី ស៊ី ជីងភីង។
លោក Wang Yeqiao ក្នុងនាមឲ្យគណៈប្រតិភូ បានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រី វេង សាខុន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួបគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការរីកចម្រើនរបស់កម្ពុជា។ លោកបានបញ្ជាក់ថា សមិទ្ធផលនេះ ពិតជាបានមកពីកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងគ្រប់ជ្រុងជ្រោងរវាងរដ្ឋាភិបាល និងប្រជាជនទាំងពីរ។
ចូលមកដល់ប្រធានបទសំខាន់ៗ នាជំនួបនេះ លោកប្រធានគណៈប្រតិភូ បានជម្រាបថា គោលបំណងនៃដំណើរទស្សនកិច្ចមក កម្ពុជានាពេលនេះ និងជាពិសេសអញ្ជើញមកជួប លោករដ្ឋមន្ត្រីនាពេលនេះគឺ៖
ទី១៖ ចង់បង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្មតំបន់ត្រូពិច កម្ពុជា-ចិន (China-Cambodia Tropical Agriculture Technology Center) និង
ទី២៖ សិក្សាពីសក្តានុពលលើដំណាំត្រូពិច ជាពិសេសដំណាំដូង ដើម្បីធ្វើការវិនិយោគជាលក្ខណៈឧស្សាហកម្ម។
លោកWang Yeqiao បានបញ្ជាក់ជូនលោករដ្ឋមន្ត្រីថា សួននេះប្រើជាប្រយោជន៍សម្រាប់ធ្វើកន្លែងដាំដុះ បង្ហាញ សិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកវិទ្យា ទំនើបទាន់សម័យលើការដាំដុះ ប្រមូលផល ផលិតពូជ វិធានការការពារជំងឺ សត្វល្អិត និងកែច្នៃដំណាំត្រូពិច ដល់អ្នកផលិតក្នុងប្រទេស និងនៅក្នុងតំបន់ជាលក្ខណៈអន្តរជាតិ និយាយជារួម គឺជាតំបន់ពហុប្រយោជន៍ បម្រើឲ្យវិស័យកសិ-ឧស្សាហកម្មកម្ពុជា នាពេលអនាគត។
លោក Wang Yeqiao បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសថៃបានធ្វើការនាំចេញផ្លែដូង ទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិនរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ ដោយឡែកកម្ពុជាមានលក្ខណៈភូមិសាស្រ្តទឹក ដី និងក្សេត្របរិស្ថានមិនខុសពីប្រទេសថៃ ដូច្នេះ បើគម្រោងនៃការបង្កើតសួននេះ ទទួលបានជោគជ័យ នោះកម្ពុជាត្រូវបានគេទទួល ស្គាល់លើឆាកអន្តរជាតិកាន់តែច្រើនឡើង តាមរយៈផលិតផលកសិកម្មតំបន់ត្រូពិច ជាពិសេសដំណាំដូង។
ភ្ជាប់ទៅនឹងផលិតកម្មផ្លែដូងនេះ លោក Wang Yeqiao ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ថ្មីមួយទៀត ក្រៅពីអង្ករ ស្វាយ ចេក ដំឡូង -ល- ថាផ្លែដូង គឺមានសក្តានុពលនាំចេញ ទៅកាន់ទីផ្សារចិននាពេលអនាគត ហើយកម្ពុជាមានផលិតផលនេះ នៅក្នុងដៃគ្រាន់តែនៅមិនទាន់បានឲ្យតម្លៃ ទៅលើការអនុវត្តបច្ចេកទេសដាំដុះ ប្រមូលផល វេចខ្ចប់ ចងក្រងកម្លាំងផលិត និងនាំចេញតែប៉ុណ្ណោះ។
ហេតុផលនេះ ខេត្តហាយណា ដែលជាខេត្តមានសក្តានុពលលើដំណាំនេះ ចង់មករកដៃគូវិនិយោគដំណាំដូង នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារចិន។ ជាមួយកម្មវត្ថុធំៗ២ខាងលើ លោក Wang Yeqiao ស្នើសុំកិច្ចសហការពីលោករដ្ឋមន្រ្តី ហើយអាចឈានទៅស្នើសុំគោលនយោបាយ ពីប្រមុខដឹកនាំនៃប្រទេសទាំងពីរ ធ្វើយ៉ាងណាឲ្យគម្រោងនេះ បានអនុម័ត និងអនុវត្តក្នុងពេលអនាគតយ៉ាងខ្លី។
លោករដ្ឋមន្រ្តី វេង សាខុន បានសម្តែងការស្វាគមន៍រីករាយ និងគាំទ្រចំពោះ ឆន្ទៈបង្កើតសួនបច្ចេកវិទ្យាកសិកម្ម ដំណាំត្រូពិច កម្ពុជា-ចិន និងការវិនិយោគលើដំណាំដូងនៅកម្ពុជា របស់ខេត្តហាយណាន ព្រោះថា វាស្របពេលដែលក្រសួង ក៏ដូចជារាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ យកចិត្តទុកដាក់លើការងារស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មទាន់សម័យឲ្យដល់ដៃអ្នកផលិត ដើម្បីធានាបានបរិមាណ គុណភាព តម្លៃបន្ថែម ការកែច្នៃ ប្រកួតប្រជែង និងមានទីផ្សារនាំចេញ។
លោករដ្ឋមន្ដ្រីបន្ដថា ពិសេសសួននេះ មិនគ្រាន់តែជាថ្នាលសាបព្រោះ នូវចំណេះដឹងផ្នែកបច្ចេកវិទ្យាកសិកម្មវៃឆ្លាតតែប៉ុណ្ណោះទេ តែវានឹងជួយប្រាប់ទៅប្រទេស នៅក្នុងតំបន់ និងអន្តរជាតិថាកសិផលកម្ពុជា មានសក្តានុពលសម្រាប់ធ្វើការប្រកួតប្រជែក ទីផ្សារនាំចេញ ហើយរាជរដ្ឋាភិបាលពិតណាស បាននិងកំពុងអនុវត្តនូវគោលនយោបាយ នៃការជំរុញការនាំចេញផលិតផលកសិកម្មយ៉ាងសកម្ម ទាំងពេលបច្ចុប្បន្ន និងអនាគត។
Bong Chetha FN, [04.12.19 13:59]
ចំពោះដំណាំដូង លោករដ្ឋមន្រ្តី វេង សាខុន បានបញ្ជាក់ជូនភ្ញៀវថា ពិតណាស់កម្ពុជា មានសក្តានុពលលើដំណាំនេះ ប្រសិនបើយើងបញ្ចូលបច្ចេកទេសដាំដុះ សមស្របមួយឲ្យអ្នកផលិត និងរៀបចំក្រុម ឬសហគមន៍ផលិត យើងសង្ឃឹមថា ផលិតផលដូងនឹងមានតម្លៃបន្ថែមខ្ពស់ ដោយសារមានតម្រូវការទីផ្សារ។
បន្ទាប់មកលោករដ្ឋមន្ត្រី បានបញ្ជាក់ជូនគណៈប្រតិភូថាក្រសួង ក៏ដូចជារាជរដ្ឋាភិបាល នឹងផ្តល់កិច្ចសហការពេញលេញ ដើម្បីជួយសម្រួលដល់ការវិនិយោគ ធ្វើយ៉ាងណាឲ្យគម្រោងកិច្ចសហប្រតិបត្តិការនេះ សម្រេចទទួលបានជោគជ័យ។
លោករដ្ឋមន្ត្រី វេង សាខុន ក៏បានស្នើឲ្យគណៈប្រតិភូ រៀបចំក្រុមការងារបច្ចេកទេសមួយ សហការជាមួយលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកដ្ឋានកសិកម្ម ដើម្បីរៀបចំឯកសារ អនុស្សារណៈនៃការយោគយល់គ្នា រួមជាមួយផែនទីបង្ហាញផ្លូវមួយច្បាស់លាស់ ដើម្បីឈានទៅដល់ការអនុវត្តគម្រោង ក្នុងរយៈពេលដ៏ខ្លីខាងមុខ៕