(បន្ទាយមានជ័យ)៖ ករណីប្រជាពលរដ្ឋមួយចំនួន រស់នៅភូមិខ្ទុមជ្រុំ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានស្នើសុំការជួយអន្តរាគមន៍ពីឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ករណីស្រ្តីម្នាក់រំលោភយកដីផ្លូវពីដើម ប្រវែងជាង ១០០ម៉ែត្រ និងទទឹងប្រវែង ៤ម៉ែត្រនោះ ត្រូវបានអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះទៅដល់កន្លែងផ្លូវផ្ទាល់ ដើម្បីជួយអន្តរាគមន៍ ហើយដោះស្រាយអាចឈានការបញ្ចប់តែម្តង។
ភ្នាក់ងារព័ត៌មាន Fresh News ដែលស្ថិតនៅកន្លែងមានទំនាស់នេះ បានរាយការណ៍មកថា ក្រោយទទួលព័ត៌មាន និងអនុសាសន៍ណែនាំរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ពេលចប់កម្មវិធីភ្លាមលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះចុះទៅពិនិត្យ និងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លីបិទផ្លូវ ធ្វើដំណើរឆ្លងកាត់ចូលទៅលំនៅដ្ឋាន នៅភូមិខ្ទមជ្រុំ។
តាមការស្នើសុំពីប្រជាពលរដ្ឋមួយចំនួនរស់នៅខាងក្រោយផ្លូវ ចូលទៅដល់ស្ទឹង គឺជាផ្លូវលំមួយខ្សែដែលត្រូវបានស្ដ្រីម្នាក់ឈ្មោះ ប៉ូ ហឿង ធ្វើរបងរំលោភលើចំណីផ្លូវលំតាំងពីយូរមកហើយ ផ្លូវប្រវែង១២០ម៉ែត្រ និងទទឹង៤ម៉ែត្រ។
ពេលចុះពិនិត្យមើលផ្ទាល់ និងសិក្សាលម្អិតជាមួយក្រុមការងារជំនាញ អាជ្ញាធរដែនដីគ្រប់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋ ទាំងគ្រប់ភាគីនោះ ជានីតីវិធីជំហ៊ានដំបូង អភិបាលខេត្តបន្ទាយមានជ័យ បានចាត់ឲ្យអាជ្ញាធរភូមិ-ឃុំ សិក្សាពីប្រវត្តិលម្អិតលើទីតាំងផ្លូវ និងដីជាមួយចាស់ទុំអ្នកពាក់ព័ន្ធធ្វើរបាយការណ៍ជាក់លាក់។ ដោយឡែក ក្រុមការងារអន្តរវិស័យសាលាខេត្ត ភូមិបាលស្រុក ពិនិត្យគំនូសប្លង់ ព្រំដី ប្រវត្តិ និងប្លង់កម្មសិទ្ធិ តាមបច្ចេកទេសជាក់លាក់រួចធ្វើរបាយការណ៍រួម។
ជាដំណោះស្រាយលោកអភិបាលខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋទាំងពីរភាគី សូមមានការយោគយល់គ្នា និងសម្បទានដីខ្លះដើម្បីបើកផ្លូវឡើងវិញតាមជាក់ស្តែង ហើយបើដោះស្រាយចប់ សព្វគ្រប់ លោកនឹងរៀបចំធ្វើផ្លូវនេះបានល្អផងដែរ។ រសៀលនេះ លោកអភិបាលខេត្ត និងបើកការប្រជុំពិភាក្សា រកដំណោះស្រាយបញ្ចប់ ក្រោយបានរបាយការណ៍ពីក្រុមការងារ ដែលមានការចូលរួម ពីខាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ដែលកន្លងមកបានសម្រេចឲ្យមានការបិទផ្លូវនេះតាមពាក្យបណ្តឹងនៃគូទំនាស់។
ពាក់ព័ន្ធករណីទំនាស់នេះលោក អ៊ុំ រាត្រី បានបញ្ជាក់ថា ក្រុមការងារធ្វើការងារដោយយកចិត្តទុកដាក់ ដោយពិនិត្យលម្អិតជាក់ស្តែងមានរបាយត្រឹមត្រូវ ដើម្បីស្វែងរកភាពយុត្តិធម៌ ជូនប្រជាពលរដ្ឋ ហើយនឹងវែងមុខរកអ្នកនៅពីក្រោយរឿងនេះដែលទំនងជានឹងរុញ និងបង្កើតឲ្យបញ្ហាទំនាស់រាំរ៉ៃដល់ពលរដ្ឋ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិខ្ទុមជ្រុំ ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានជួបផលលំបាកជាយូរខែឆ្នាំមកហើយ ដោយសារតែផ្លូវលំមួយខ្សែ ប្រវែងត្រឹម ១២០ម៉ែត្រ ត្រូវបានគេរំលោភបំពានយកទាំងស្រុង មិនអាចឲ្យពួកគាត់ធ្វើដំណើរចូលទៅកាន់ផ្ទះ ដោយងាយស្រួលនោះឡើយ ហើយអ្វីដែលរឹតលំបាកជាងនេះទៅទៀត ពេលរដូវទឹកឡើង ពួកគាត់ត្រូវធ្វើដំណើរឆ្លងកាត់ដ៏ជ្រៅដើម្បីចេញចូល។
ប្រជាពលរដ្ឋនៅក្នុងភូមិបានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ផ្លូវមួយខ្សែនេះ ដែលមានប្រវែង១២០ម៉ែត្រ និងទទឹង៤ម៉ែត្រ ជាផ្លូវតាំងពីចាស់បូរាណមក ហើយពួកគាត់នៅក្នុងភូមិបានដើរ ជិះកង់ បើកម៉ូតូ បើកគោយន្ត និងរហូតបើកឡានបាននោះ ឆ្លងកាត់រាល់ថ្ងៃចូលទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់ ប៉ុន្តែក៏ត្រូវបានស្រ្តីម្នាក់ឈ្មោះ ប៉ូ ហឿង ទំនងមានសាច់ញាតិ ខាងសមាជិកក្រុមប្រឹក្សាខេត្តផងនោះ រំលោភយក និងបានដាក់ពាក្យប្តឹងទៅកាន់តុលាការ រហូតសម្រេចឲ្យបិតផ្លូវនេះ ហើយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ស្រាប់តែស្រ្តីអ្នករំលោភនេះ រួមជាមួយខាងមន្រ្តីតុលាការ និងសមត្ថកិច្ចផង បានចុះមកបិតជិតតែម្តង។
ដូច្នេះនៅរសៀលថ្ងៃនេះ ប្រជាពលរដ្ឋមានសង្ឃឹមថា អភិបាលខេត្តបន្ទាយមានជ័យ ក្រោមការណែនាំពីនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន នឹងដោះស្រាយបញ្ចប់តាមរយៈការសួរនាំផ្ទាល់ និងមានសាក្សីរស់យ៉ាងពិតប្រាកដពីសំណាក់ប្រជាពលរដ្ឋនៅក្នុងភូមិដែលធ្លាប់តែប្រើផ្លូវនេះ៕