(ភ្នំពេញ)៖ លោក អាមចាដ អាលីសឺ (Amjad ALi sher) ឯកអគ្គរដ្ឋទូតប្រទេសប៉ាគីស្ថានប្រចាំនៅកម្ពុជា ដែលចប់អាណត្តិការងារ បានចាត់ទុកនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺជាមេរៀន និងជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ប្រទេសដទៃយកទៅរៀនសូត្រ។
ការលើកឡើងរបស់លោក អាមចាដ អាលីសឺ បានធ្វើឡើងក្នុងពេលចូលជម្រាបលាសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្ដេចតេជោ បានឲ្យដឹងថា ក្នុងជំនួបនេះ លោក អាមចាដ អាលីសឺ បានបង្ហាញនូវក្តីរីករាយ ចំពោះការទទួលបានបទពិសោធន៍ល្អជាច្រើនពីកម្ពុជាក្នុងពេលបំពេញបេសកកម្មការងារនៅកម្ពុជា។ ជាពិសេសបទពិសោធន៍នៃនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី។
លោកទូតចប់អាណត្តិការងារពីកម្ពុជារូបនេះ បានលើកឡើងថា នយោបាយឈ្នះឈ្នះនេះ ជាមេរៀនដ៏ល្អមួយ ដែលប្រទេសដទៃគប្បីយកមកសិក្សារៀនសូត្រ ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រួមជាមួយភាពសុខដុមរមណី រវាងប្រជាជន និងប្រជាជន រវាងសាសនា និងសាសនាផងដែរ។
លោក អាមចាដ អាលីសឺ ក៏បានលើកសរសើរកម្ពុជាថាជាប្រទេសដ៏ស្រស់បំព្រងគួរឱ្យចង់រស់នៅ និងស្នាក់អាស្រ័យ។ លោកបន្តថា លោកចងចាំនូវអ្វីដែលរូបលោកបានចូលរួមចំណែកជាមួយកម្ពុជា និងអ្វីដែលទទួលបានតាមរយៈបទពិសោធន៍ពីកម្ពុជាក្នុងពេលបំពេញបេសកម្មនៅកម្ពុជានេះ ហើយលោកនឹងបន្តចូលរួមចំណែកបន្ថែមទៀត ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគីរវាងប៉ាគីស្ថាន និងកម្ពុជា ឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។
ក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា លោកឯកអគ្គរដ្ឋទូតប៉ាគីស្ថាន បានធ្វើការយ៉ាងច្រើន ក្នុងការជំរុញ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៉ាគីស្ថាន មានដូចជាការរៀបចំខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរលើកទី៦៥, ការជំរុញមានទស្សនកិច្ចរបស់ប្រធានរដ្ឋសភា មកកាន់កម្ពុជា និងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗ របស់ប៉ាគីស្ថានមកកាន់កម្ពុជាផងដែរ។
សម្តេចតេជោ គូសបញ្ជាក់ទៀតថា លោក អាមចាដ អាលីសឺ បានចូលរួមចំណែក ក្នុងការលើកស្ទួយទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមួយកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនេះហើយ ដែលជាមូលដ្ឋាន សម្រាប់ការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕