(កំពង់ចាម)៖ អភិបាលរងខេត្តកំពង់ចាមលោក ហាន កុសល បានថ្លែងលើកកម្លាំងចិត្តដល់អ្នកផ្ទុក និងអ្នកកើតជំងឺអេដស៍ ឱ្យខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីរកសេចក្តីសុខឲ្យខ្លួនឯង និងក្រុមគ្រួសារ។
នេះជាការលើកឡើងរបស់លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងលោក ប៉ោ ជា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ចូលរួមជាអធិបតីក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ ធ្នូ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម។
ប្រធានមន្ទីរសុខាភិបាលលោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ បានថ្លែងថា ទិវាប្រយុទ្ធនិងជំងឺអេដស៍ គឺមានគោលបំណងលើកកម្ពស់ការយល់ដឹងថ្មីៗ ពីការរីករាលដាលមេរោគអេដស៍ និងចំណេះដឹងបែបវិទ្យាសាស្ត្រប្រកបដោយប្រសិទ្ធភាពជូនទៅដល់ប្រជាពលរដ្ឋ និងជាការដាស់ស្មារតីដល់ប្រជាពលរដ្ឋឲ្យចងចាំជានិច្ចពីគ្រោះថ្នាក់ នៃការចំលងមេរោគអេដស៍ផងដែរ។ លើសនេះទៅទៀត ទិវានេះក៏មានបំណងនឹងស្វែងរកនូវការគាំទ្របន្ថែមទៀតពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលទាំងអស់ក្នុងការចូលរួម ជាវិភាគទានដល់ការទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូលផងដែរ។
លោក ហាន កុសល បានលើកទៀតថា «មនុស្សម្នាក់ៗទៀង នៃការស្លាប់ គ្រាន់តែមិនដឹងថា ស្លាប់នៅពេលណាស្លាប់នៅកន្លែងណាហើយស្លាប់ដោយសារតែមូល ហេតុអ្វីនោះទេ ដូច្នេះហើយគ្មានអ្វីធ្វើឱ្យយើងមានការភ័យខ្លាចអំពីសេចក្តីស្លាប់នោះទេ ប៉ុន្តែដែលលំបាកបំផុតគឺរស់ដូចស្លាប់។ ដូច្នេះហើយសម្រាប់បងប្អូនដែលផ្ទុក ឬក៏អ្នកកើតជំងឺអេដស៍គ្រប់ទីកន្លែង អ្វីដែលធ្វើឱ្យពួកគាត់មានភាពក្លាហាន បន្តខិតខំប្រឹងប្រែងលើកកម្ពស់កម្រិតជីវភាពឱ្យល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ខ្លួនឯងសម្រាប់គ្រួសារពោលគឺបង្កើតក្តីសង្ឃឹមឲ្យខ្លួនឯង ដូច្នេះសូមបងប្អូនកុំបាក់ទឹកចិត្តជាងនឹងទៅទៀត រាជរដ្ឋាភិបាលយើងក៏បានយកចិត្តទុកដាក់មានសេវាព្យាបាលការថែទាំ ការផ្ដល់សេវាសាធារណៈ ពីមន្ទីរសុខាភិបាល ក៏ដូចជា មន្ទីរពេទ្យនានា នៅក្នុងប្រទេសកម្ពុជា និងនៅក្នុងពិភពលោកមានដូចៗគ្នាទាំងអស់»។
លោកអភិបាលរងខេត្តបានបន្តថា តាមរយៈការផ្តល់ជាអនុសាសន៍ លើការប្រើប្រាស់ស្រោមអនាម័យ១០០% ក្រោមការចង្អុលបង្ហាញពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចកិត្តិព្រឹទិ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ ផ្តល់ការគាំទ្រជានយោបាយ ជាយុទ្ធសាស្ត្រជាគោលនយោបាយ ជាពិសេសគោលនយោបាយប្រើប្រាស់ស្រោមអនា ម័យ១០០% តាមគ្រឹះស្ថានកំសាន្តសប្បាយទាំងអស់ជាមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា និងជាពិសេសគឺការបង្កើននូវថវិកាជាតិជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍រហូតទទួលបាននូវប្រសិទ្ធភាពខ្ពស់ ដូចសព្វថ្ងៃនេះដែលមានអត្រា ០,៦% នាបច្ចុប្បន្ននេះ៕