(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា អាជ្ញាធរឃុំ-សង្កាត់ ទាំងអស់ត្រូវមានភាពម្ចាស់ការរៀងៗខ្លួន ដើម្បីគ្រប់គ្រងបញ្ហាគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន បានគ្រប់ជ្រុងជ្រោយ ទៅតាមផែនការយុទ្ធសាស្ត្រថ្នាក់ជាតិដែលបានដាក់ជូន។
ការបញ្ជាក់បែបនេះរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងឱកាស អញ្ជើញបើកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាងផែនការជាតិ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ក្រសួងស្ថាប័នចំនួន២៥ ដែលពាក់ព័ន្ធលើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅទីស្តីការក្រសួងមហាផ្ទៃ។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការពង្រឹងយុទ្ធការថ្នាក់ខេត្ត-ស្រុក អត់ចង់និយាយទៀតទេ ព្រោះធ្វើប៉ុន្មានសិបឆ្នាំទៅហើយ បើកន្លែងណាមិនធ្វើមានតែចាត់ការតាម វិធានការ រដ្ឋបាលនោះទេ បើមិនព្រមធ្វើ ប៉ុន្តែបញ្ហាមុននេះ គឺយន្តការថ្នាក់ឃុំ-សង្កាត់ ដែលត្រូវគាស់ឱ្យឡើងក្នុងរយៈពេល៥ឆ្នាំ ឬ៣ឆ្នាំចុងក្រោយ ឬ៣ឆ្នាំរំកិល ឆ្នាំ២០២៣ ធ្វើម៉េចឱ្យឃុំ-សង្កាត់ ម្ចាស់ការគ្រប់គ្រងគ្រឿងញៀន នៅក្នុងឃុំ-សង្កាត់របស់ខ្លួនឱ្យបាន»។
នៅត្រង់ចំណុចនេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបង្ហាញឱ្យឃើញថា នេះគឺជាទស្សនៈវិស័យគន្លឹះរយៈពេលវែង ដោយគិត១អាណត្តិ ដើម្បីធ្វើយ៉ាងណាឱ្យអាជ្ញាធរឃុំ-សង្កាត់ ធ្វើជាម្ចាស់ការលើយុទ្ធនាការបង្ក្រាបគ្រឿងញៀន នៅក្នុងមូលដ្ឋាន។ ប្រសិនបើអាជ្ញាធរឃុំ-សង្កាត់ មិនអាចធ្វើជាម្ចាស់ដោយខ្លួនឯងបាននោះទេនឹងធ្វើឱ្យយុទ្ធសាស្ត្រ ផែនការបង្ក្រាបគ្រឿងញៀននឹងបរាជ័យដែលមានតែទ្រឹស្តី ប៉ុន្តែអត់ឃើញការអនុវត្តន៍។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្ថែមទៀតថា ការអប់រំនៅក្នុងក្រសួងអប់រំ ដែលនយោបាយថ្នាក់ជាតិបានដាក់ចេញរួចហើយ គឺសាលារៀនមួយត្រូវមានបន្ទប់ ដើម្បីធ្វើជាកន្លែងអប់រំ គ្រឿងញៀនដល់យុវជន ឬសហគមន៍ទាំងមូល ដូច្នេះ នៅក្នុងយុទ្ធសាស្ត្រថ្នាក់ជាតិ ត្រូវសកម្មភាពនេះឱ្យបាននៅយុទ្ធការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣ ឱ្យទទួលបានលទ្ធផលល្អ។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរកគន្លឹះអ្វីដែលថ្មីៗ ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន។ ដូច្នេះ មណ្ឌលសុខភាពនីមួយៗ នៅតាមឃុំ-សង្កាត់ ត្រូវមានសមត្ថភាពក្នុងការគ្រប់គ្រងអ្នកដែលញៀនគ្រឿងញៀន ចំណុចនេះ មិនអាចឱ្យមន្ទីរពេទ្យខេត្ត-ស្រុក ទៅគ្រប់គ្រងបញ្ហាជនញៀនគ្រឿងញៀន បានទាំងអស់នោះទេ គឺមានតែមណ្ឌលសុខភាព នៅតាមមូលដ្ឋាននេះហើយ ដែលអាចក្តាប់ជាប់នូវចំនួនមនុស្ស ដែលបានញៀនថ្នាំញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន គឺមិនត្រឹមតែប៉ូលីសតែអង្គឯងនោះដែរ។
ឧបនាយករដ្ឋមន្ត្រី ក៏កោតសរសើរដោយស្មោះផងដែរ ចំពោះក្រសួង ស្ថាប័ន អង្គភាពជាសមាជិកទាំងអស់ដែលបានចាត់បញ្ជូនតំណាងទាំង ក្នុងកម្រិតបច្ចេកទេស និងកម្រិតក្រុមការងារអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរួមគ្នាពិនិត្យ និងកែសម្រួលជាបន្តបន្ទាប់ រហូតធ្វើឱ្យសេចក្តីព្រាងផែនការជាតិ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣ កាន់តែមានលក្ខណៈពហុវិស័យសុក្រឹត្យ និងគ្រប់ជ្រុងជ្រោយដែលជាមូលដ្ឋានដ៏សំខាន់ ក្នុងការរៀបចំផែនការ ប្រតិបត្តិទៅតាមវិស័យនីមួយៗ ដើម្បីបង្ការទប់ស្កាត់ បង្ក្រាប និងដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ចូលរួមចំណែក ក្នុងការការពារសុខុមាលភាព ប្រជាពលរដ្ឋការពារ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ និងការអភិវឌ្ឍសង្គម ពិសេសចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក៏ដូចជាផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ ដែលរាជរដ្ឋាភិបាលបានដាក់ ឱ្យដំណើរនាពេលថ្មីៗកន្លងទៅនេះ៕