(ភ្នំពេញ)៖ ចោរប្លន់ ៥នាក់ បានជិះម៉ូតូ ២គ្រឿង បានដេញតាមគៀរប្លន់យកម៉ូតូ១គ្រឿង ពីស្រ្តីកម្មការិនីម្នាក់បានសម្រេច រួចជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព និងបានបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥៖៤០នាទីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវលំខាងត្បូងវត្តស្រះស្រង់នៅក្នុងភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ស្រ្តីរងគ្រោះខាងលើនេះមានឈ្មោះ ធឹម ស្រីនិច អាយុ៣២ឆ្នាំ ជាស្រីមេម៉ាយមានកូន ២នាក់ សព្វថ្ងៃមានទីលំនៅក្នុងភូមិសាឡូង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ម៉ូតូ១គ្រឿង ដែលត្រូវចោរប្លន់នោះម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GZ-3242។
នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះបានជិះម៉ូតូ១គ្រឿងតែម្នាក់ឯង ចេញពីផ្ទះទៅធ្វើការនៅរោងចក្រកាត់ដេរមួយកន្លែង ស្ថិតនៅមុខសាលាក្ដីខ្មែរក្រហម តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ចោរទាំង ៥នាក់ បានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច១គ្រឿង និងម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿងដេញតាមពីក្រោយនាង។
លុះពេលតាមទាន់ក៏បានធ្វើសកម្មភាពគៀរឲ្យដួលរួចច្រាននាងចេញពីម៉ូតូ បន្ទាប់មកបានលើកយកម៉ូតូនាងជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាពតែម្ដង ហើយនាងមិនបានដឹងថា ក្រុមចោរមានកាំភ្លើងឬអត់នោះទេ។ ប៉ុន្តែពិតជាធ្វើឲ្យនាងមានការភ័យខ្លាចខ្លាំងណាស់ហើយម៉ូតូនេះគឺនាងបានខ្ចីលុយធនាគាទិញសម្រាប់ជិះទៅធ្វើការកលុយចិញ្ចឹមកូន ហើយមិនទាន់ទាំងសងលុយគេ រួចនៅឡើយទេ បែរជាពេលនេះត្រូវចោរប្លន់យកទៅបាត់។
ក្រោយពេលកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងហើយនគរបាលប៉ុស្តិ៍កំបូលរួមជាមួយកម្លាំងប្រជាការពារភូមិ បានចេញទៅអន្តរាគមន៍ពួនស្ទសក់គ្រប់កន្លែងដែរតែចោរនៅតែគេចបាត់ស្រមោល បន្ទាប់មកស្រ្តីរងគ្រោះបានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍កំបូល ដើម្បីឲ្យនគរបាលជួយធ្វើការស្រាវជ្រាវ៕