(ភ្នំពេញ)៖ ក្រុមហ៊ុន ផ្សារទំនើប អ៊ីអនម៉ល (ខេមបូឌា) ខូអិលធីឌី បានប្រកាសជ្រើសរើសជើងឯក ក្នុងការប្រកួតផ្តាច់ព្រ័ត្រ នៃការប្រកួតសម្តែងការលើកកម្ពស់ ការបម្រើសេវាកម្មលើកទី០៤ ប្រចាំឆ្នាំ២០១៩។
នេះជាលើកទី០៤ហើយ របស់ផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ និងជាលើកទី០២ សម្រាប់ផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី ដែលបានរៀបចំ កម្មវិធីប្រកួតដើរតួសម្តែង ស្តីពីការផ្តល់សេវាកម្មល្អបំផុតប្រចាំឆ្នាំ ជូនអតិថិជន ដែលត្រូវបានធ្វើឡើង ក្នុងរយៈពេល៤សប្តាហ៍រួចមកហើយ ដោយបានឆ្លងកាត់វគ្គហ្វឹកហ្វឺន និងវគ្គប្រកួតសម្តែងជម្រុះ ដែលបានធ្វើឡើងតាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖
ទី១៖ អ៊ីអនម៉ល ភ្នំពេញ
វគ្គហ្វឹកហ្វឺន និងការដើរតួសម្តែង៖ ធ្វើឡើងនៅថ្ងៃទី០១ និងទី០២ ខែតុលា ២០១៩
វគ្គប្រកួតជម្រុះ៖ ធ្វើឡើងនៅថ្ងៃទី០៤ និងទី០៥ ខែវិច្ឆិកា ២០១៩
ទីតាំងនៅ៖ សាលប្រជុំជាន់ទីបួន
ទី២៖ អ៊ីអនម៉ល សែនសុខស៊ីធី
វគ្គហ្វឹកហ្វឺន និងការដើរតួសម្តែង៖ ធ្វើឡើងនៅថ្ងៃទី០៧ និងទី០៨ ខែតុលា ២០១៩
វគ្គប្រកួតជម្រុះ៖ ធ្វើឡើងនៅថ្ងៃទី០៧ និងទី០៨ ខែវិច្ឆិកា ២០១៩
ទីតាំងនៅ៖ នៅបន្ទប់ប្រជុំS1 ជាន់ទីពីរ
កម្មវិធីប្រកួតប្រជែងនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើឲ្យប្រសើរឡើងនូវកម្រិតនៃការផ្តល់សេវាកម្ម ជូនអតិថិជនដែលត្រូវបានផ្តល់ឲ្យ ដោយបុគ្គលិកនៃហាងនីមួយៗ (Tenant) របស់ខ្លួន។
ក្នុងការប្រកួតប្រជែងនេះ គេសង្កេតឃើញថា បណ្តាបេក្ខជន បេក្ខនារីទាំងអស់សុទ្ធសឹងតែបានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពចំណេះដឹងជំនាញ និងបទពិសោធន៍រៀងៗខ្លួន តាមរយៈការផ្តល់ជូននូវសេវាកម្ម និងប្រភេទផលិតផលជាច្រើនម៉ូដ ជាច្រើនម៉ាក ដើម្បីទទួលបាននូវជំនាញសេវាកម្ម អតិថិជនល្អបំផុតប្រចាំឆ្នាំ។
ម៉ាកយីហោនីមួយៗ សុទ្ធសឹងតែមានអ្នកតំណាង ហើយអ្នកតំណាងនីមួយៗទៀតសោត បានបង្កើតឡើងវិញនូវតិចនិច ដែលសង្ខេបពីរបៀបដែលពួកគេ អាចដោះស្រាយ និងប្រឈមមុខ និងការជំរុញ ការពេញចិត្ត របស់អតិថិជននៃឈុតឆាកនីមួយៗ ជាមួយនឹងតម្រូវការរបស់អតិថិជន និងស្ថានភាពជាក់ស្តែង នៃការផ្តល់សេវាកម្ម ពីអាជីវកម្មរបស់ពួកគេ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ បានប្រព្រឹត្តទៅនាចុងសប្ដាហ៍មុន ចាប់ពីម៉ោង២រសៀល ដល់ម៉ោង៥៖៣០នាទីល្ងាច ដែលធ្វើឡើងនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី ជាន់ផ្ទាល់ដី (Central Court) ហើយបេក្ខជន-បេក្ខនារី ទាំង១០រូប ដែលបានជាប់នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ បានបង្ហាញសមត្ថភាព និងជំនាញដ៏ប៉ិនប្រសប់របស់ខ្លួនជូនដល់អតិថិជន និងអ្នកចូលរួមបានទស្សនាយ៉ាងជក់ចិត្តដិតអារម្មណ៍ជាទីបំផុត។
សម្រាប់បេក្ខជន-បេក្ខនារី ដែលបានឈ្នះពីការប្រកួត ក្នុងវគ្គផ្តាច់ព្រ័ត្រទទួលបាននូវ ការឧបត្ថម្ភជាសម្ភារ និងថវិកាដូចខាងក្រោម៖
១៖ ជ័យលាភីលេខ០១ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត១,០០០ដុល្លារ ទូរស័ព្ទ iPhone 11 រួមនឹងវិញ្ញាបនបត្រ។
២៖ ជ័យលាភីលេខ០២ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត៥០០ដុល្លារ ទូរស័ព្ទ iPhone 11 រួមនឹងវិញ្ញាបនបត្រ។
៣៖ ជ័យលាភីលេខ០៣ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត៣០០ដុល្លារ ទូរស័ព្ទ iPhone 11 រួមនឹងវិញ្ញាបនបត្រ។
សូមបញ្ជាក់ថា នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ក៏មានការចូលរួមសម្ដែងដោយតារាកំប្លែងល្បីៗ ប្រចាំប្រទេសកម្ពុជា គឺនាយគ្រឿន និងនាយក្រូច ជូនអតិថិជនបានទស្សនាកម្សាន្ត យ៉ាងសប្បាយរីករាយផងដែរ៕