(ភ្នំពេញ)៖ ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរង ក្រសួងការពារជាតិ ទទួលបន្ទុកមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ បានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកនូវសៀវភៅ «ហ៊ុនសែនកម្ពុជា» ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខា (វគ្គពិសេស) ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ ចំនួន២០០នាក់។

ជាកិច្ចចាប់ផ្តើម ឧត្តមសេនីយ៏ទោ ខៀវ ប៊ុនធឿន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ បានឡើងស្វាគមន៏ និងអាននូវរបាយការណ៏ស្តីពីលទ្ធផលសិក្សាវគ្គបណ្តុះបណ្តាលរួចមក ឧត្តមសេនីយ៍ឯក គឹម រស្មី ក្នុងនាមជាតំណាងនាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ បានមានប្រសាសន៏ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៏ឯក គឹម រស្មី បានមានប្រសាសន៏ពាក់ពន្ធនឹងសភាពការណថ្មីៗ និងពន្យល់បកស្រាយនូវពាក្យមួលបង្កាច់ផ្សេងៗពីសំណាក់ពួកអគតិមកលើសម្តេចតេជោ នាយករដ្ឋមន្រ្តី ថាជាមនុស្សរបស់បរទេសនេះ បរទេសនោះ ដែលតាមការពិតនោះ «សម្តេចតេជោ ហ៊ុនសែន ជារបស់កម្ពុជា ហើយកម្ពុជាត្រូវមានឯករាជ្យ»«កម្ពុជាមិនដែលចាត់ទុកប្រទេសណាមួយជាសត្រូវឡើយ» កម្ពុជាស្និទ្ធស្នាលនឹងចិន មិនមែនមានន័យថា កម្ពុជាជាសត្រូវរបស់អាមេរិកនោះទេ។

កម្ពុជាប្រកាន់នូវរបបប្រជាធិបតេយ្យ ដែលត្រូវការដើរទន្ទឹមគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ច និយាយរួមគឺកម្ពុជាត្រូវការទំនាក់ទំនងជាមួយអន្តរជាតិ មិនថា: អាមេរិក ចិន ជប៉ុន ឥណ្ឌា សិង្ហបុរី ថៃ ប្ញវៀតណាម....នោះទេ ធ្វើយ៉ាងណាដើម្បីឲ្យកម្ពុជាអភិវឌ្ឍសេដ្ឋកិច្ចខ្លួន អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័គ្រប់វិស័យឲ្យមានភាពជឿនលឿន។ ឧត្តមសេនីយ៍ឯក គឹម រស្មី បានថ្លែងអំណរគុណនឹងកោតសរសើរដល់នាយទាហាន ពលទាហាន និងសិក្ខាកាមយោធានូវស្មារតីចូលរួមទប់ស្កាត់អំពើររដ្ឋប្រហារ ដែលប៉ុនប៉ងបង្ករឡើងដោយជនក្បត់ជាតិ កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ហើយថែមទាំងបានចូលរួមអកអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ តាមការអំពាវនាវរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល គ្រប់ៗគ្នា។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក គឹម រស្មី បានចែកនូវជូនសៀវភៅ “ហ៊ុនសែនកម្ពុជា” ជូនដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខា (វគ្គពិសេស) ឆ្នាំ២០១៩ ចំនួន២០០នាក់ ដោយឧត្តមសេនីយ៍ឯក គឹម រស្មី បានបញ្ជាក់បន្ថែមថា សៀវភៅ “ហ៊ុនសែនកម្ពុជា” ត្រូវបានចាប់ផ្តើមស្រាវជ្រាវនិពន្ធ កាលពីខែសីហា ឆ្នាំ២០១៥ ហើយបានបញ្ចប់ជាស្ថាពរនៅខែឧសភា ឆ្នាំ២០១៩, សៀវភៅនេះរៀបរៀងឡើងក្នុងគោលបំណងចងក្រង ឯកសារជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ និងគោលនយោបាយបង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍ប្រទេស ពីគំនរបាក់បែកដោយសារសង្គ្រាម និងការបំផ្លាញខ្ទេចខ្ទីក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រៅពីនេះ ប្រមូលចងក្រងនូវអនុសាសន៍ប្រកបដោយគតិបណ្ឌិ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីទុកជាឯកសារ ដ៏មានតម្លៃបំផុតជូនដល់សិស្ស-និស្សិត និងអ្នកសិក្សាគ្រប់មជ្ឈដ្ឋាន ធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិពិស្តារ និងការតស៊ូរបស់ថ្នាក់ដឹកនាំ ដែលបានលះបង់គ្រប់បែបយ៉ាង និងហ៊ានពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិនិងប្រជាជន ហើយបន្តការពារកសាងស្វែងរកសុខសន្តិភាព និងអភិវឌ្ឍន៍ជូនប្រទេសជាតិ រហូតមកដល់បច្ចុប្បន្ន។

នៅក្រោយបិទបញ្ចប់ពិធីសំណេះសំណាលនេះ ឧត្តមសេនីយ៍ឯក គឹម រស្មី បានផ្តាំផ្ញើ និងជូនពរដល់សិក្ខាកាមសូមទទួលបានជោគជ័យក្នុងការប្រលងបញ្ចប់ និងយកចំណេះវិជ្ជាដែលខ្លួនបានរៀនសូត្រនេះត្រលប់ទៅបម្រើការងារនៅអង្គភាពវិញ ប្រកបដោយគុណភាព និងប្រសិទ្ធភាព៕