(បាត់ដំបង)៖ លោក ងួន រតន: អភិបាលខេត្តបាត់ដំបង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត និងជាប្រធានគណ:កម្មាធិការ បក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានថ្លែងថា យើទាំងអស់គ្នាចងចាំមិនអាចភ្លេចបានឡើយ នូវស្មារតី២ធ្នូ ជាថ្ងៃប្រវត្តិសាស្រ្ត ដែលមិនអាចបំភ្លេចបាននូវការរំដោះប្រទេសជាតិ ចេញពីនឹមបនប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបខ្មៅងងឹតយុងឃ្នង ហើយបានកើតមកវិញនូវរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា រហូតមកដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃចាប់រស់រានឡើងវិញនូវជីវិតទី២ របស់ប្រទេសជាតិ និងប្រជាជនខ្មែរយើងគ្រប់ៗគ្នា។
លោក ងួន រតន: បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីប្រារព្វខួបលើកទី៤១ឆ្នាំ (២ ធ្នូ១៩៧៨-២ធ្នូ ២០១៩) នៅសាលមហោសហោស្រពស្ទឹងសង្កែក្រុងបាត់ដំបង ដោយមានការចូលរួមពីសំណាក់គណៈអភិបាលខេត្ត ក្រុង ស្រុក លោក លោកស្រី ជាថ្នាក់ដឹកនាំ កងកម្លាំងទាំងបីប្រភេទ សិស្សានុសិស្ស និងប្រជាពល ១,៣០០នាក់ ចូលរួមក្នុងពិធីមិទ្ទិញអបអរសាទរខួប៤១ឆ្នាំនៃការបង្កើត «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នហៅថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា»។
នៅក្នុងឱកាសនោះដែរ លោក ងួន រតន: ក៏បានអានសារលិខិតទាំងស្រុងរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាគណបក្សប្រជាជនកម្ពុជា និងប្រធាន ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជូនដល់អ្នកដែលបានចូលរួមក្នុងអង្គពិធីផងដែរ។
សូមជម្រាបថា កំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុមបានប្រមូលផ្តុំគ្នានៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បច្ចុប្បន្នមានឈ្មោះថាក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨
និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។
រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូលទាំងក្នុង និក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះលើរបបនេះនៅថ្ងៃទី០៧ មករា ឆ្នាំ១៩៧៩៕