(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានរំលឹកប្រាប់មហាសន្និបាត AIMF អំពីអ្វីដែលជាការប្រែប្រួលរបស់រាជធានីភ្នំពេញ តាំងពីអតីតកាលរហូតមកដល់ពេលបច្ចុប្បន្ននេះ ពោលក្រោយភ្លើងសង្គ្រាមត្រូវបានបញ្ចប់ ភ្នំពេញបានក្លាយទៅជាទីក្រុងខ្មោចខ្ទេចខ្ទាំ រហូតប្រែមុខប្រែមាត់ មកជារាជធានី ដែលមានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។
ការមានប្រសាសន៍បែបនេះ បានធ្វើឡើងនៅក្នុងពិធីបើកមហាសន្និបាត លើកទី៣៩ សមាគមអន្ដរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាផ្លូវការ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រោមប្រធានបទ «ភ្នំពេញ៤០ឆ្នាំក្រោយ»។
ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានរៀបរាប់ថា ថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ គឺជាថ្ងៃនៃការបង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិ ដើម្បីផ្តួលរំលំរបបខ្មែរក្រហម និងកាលបរិច្ឆេទមួយទៀត ហើយថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ក៏ជាថ្ងៃដែល សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមចរចាជាមួយ សម្តេចឪ នរោត្តម សីហនុ នៅ Fère enTardenois ប្រទេសបារាំង ដែលនាំឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៩១ផងដែរ។
បើតាមឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង កាលបរិច្ឆេទជាប្រវត្តិសាស្រ្ត ថ្ងៃទី២ ខែធ្នូនេះហើយ ដែលនាំឲ្យកម្ពុជា ធ្វើដំណើរឆ្ពោះទៅរកការបញ្ចប់ របបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងម៉្យាងវិញទៀត បានបញ្ចប់សង្គ្រាមស៊ីវិល ដែលអនុញ្ញាតឲ្យការរស់រានឡើងវិញ និងការធ្វើទំនើបកម្មរាជធានីភ្នំពេញដូចសព្វថ្ងៃ។
លោកបានបន្តថា បន្ទាប់ពីរបបខ្មែរក្រហម បានដួលរលំទៅ រាជធានីភ្នំពេញ គឺជាទីក្រុងខ្មោច គ្មានមនុស្សរស់នៅទេ ប្រជាជនទីក្រុងភ្នំពេញទាំងមូល ត្រូវបានជម្លៀសចេញដោយបង្ខំ ឲ្យទៅធ្វើពលកម្មនៅតាមទីជនបទ និងក្នុងព្រៃ។ គ្មានរដ្ឋបាល គ្មានសាលារៀន គ្មានមន្ទីរពេទ្យ គ្មានផ្សារ គ្មានរូបិយវត្ថុ គ្មានអគ្គិសនី គ្មានទឹកស្អាត។ល។ ផ្ទះត្រូវគេរុះរើ និងអគារនានាប្រែទៅជាចាស់ៗ ទ្រុឌទ្រោម ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញទាំងអស់។ លោកថ្លែងថា សម័យនោះ ភ្នំពេញគឺជាទីក្រុងដ៏សោកសង្រេងមួយ។
លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀថា កាលនោះរាជរដ្ឋាភិបាលត្រូវចិញ្ចឹម និងផ្តល់ជម្រកជូនប្រជាជន រងភាពអត់ឃ្លានរាប់លាននាក់ ដែលទើបត្រឡប់មកពីជំរំធ្វើការដោយបង្ខំ យើងត្រូវកសាងរាល់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងទាំងអស់ ឲ្យសក្តិសមនឹងកេរ្តិ៍ឈ្មោះរាជធានីមួយនេះ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅទូទាំងប្រទេស ដែលត្រូវបានបំផ្លាញទាំងស្រុង ដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ចាប់ពីឆ្នាំ២០០០មក ទីក្រុងនេះបានប្រឈមនឹងបញ្ហាបន្ទាន់ថ្មីៗទៀត ដោយប្រជាជន បានចាកចេញពីជនបទចូលមករស់នៅ ដែលទាមទារឲ្យមានការសាងសង់ លំនៅដ្ឋាននៅតាមសង្កាត់បណ្តោះអាសន្នមួយចំនួន។ ចាប់ពីឆ្នាំ២០០៤មក ទីក្រុងបានចាប់ផ្តើមការពង្រីក វិសាលភាពរបស់ខ្លួន ចាប់ផ្តើមឈានចូលដល់ ដំណាក់កាលធ្វើឧស្សាហកម្មភាវូបនីយកម្ម ដោយបានបង្កើតការងារជាច្រើននៅតាមរោងចក្រវាយនភ័ណ្ឌ។
រាជរដ្ឋាភិបាលមានកាតព្វកិច្ចដាក់ចេញនូវយុទ្ធសាស្រ្តពីរ៖
* ទី១៖ យុទ្ធសាស្រ្តទី១ មានឈ្មោះថា «កម្មវិធីដើម្បីអភិវឌ្ឍសហគមន៍ ចំនួន១០០ក្នុងមួយឆ្នាំ» ដោយអនុវត្តគោលនយោបាយផ្តល់សម្បទានដីសង្គម រួមនឹងការអភិវឌ្ឍទីលំនៅដ្ឋាននៅនឹងកន្លែង តាមរយៈផែនការប្រមូលផ្តុំប្រជាជន ក្នុងសហគមន៍ក្រីក្របញ្ចូលគ្នាតាមតំបន់។
* ទី២៖ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយផ្អែកលើគោលការណ៍ «ស្វ័យអភិវឌ្ឍទីក្រុង» តាមរយៈមូលនិធិបដិភាគ ដែលចូលរួមដោយប្រជាពលរដ្ឋ។
រហូតមកដល់ឆ្នាំ២០០៩ សញ្ញាដំបូងដែលបង្ហាញថា រាជាធានីភ្នំពេញក្លាយជាទីក្រុងធំ បានចេញជារូបរាងឡើង។ លំនៅដ្ឋានតូចៗ ត្រូវបានជំនួសដោយអគារខ្ពស់ៗ។ កាលនោះ រាជធានីភ្នំពេញបានពង្រីកវិសាលភាពពី៣០០គីឡូម៉ែត្រក្រឡា ទៅដល់ជិត៧០០គីឡូម៉ែត្រក្រឡា ជាមួយបូរីថ្មីៗ ចំនួន ២១២កន្លែង ដោយមិនទាន់រាប់បញ្ចូលអគារខ្ពស់ៗរាប់មិនអស់ និងផ្ទះវីឡាជាច្រើន ដែលគេបានសង់លើផ្ទៃដីក្រុងដ៏ធំ នាពេលបច្ចុប្បន្ននេះ ជាមួយនឹងប្រជាជនទីក្រុង និងកម្មករ សរុបទាំងអស់ប្រមាណ ៣លាននាក់។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មី ត្រូវបានកសាង និងពង្រីកដោយសារមានការកកស្ទះចរាចរណ៍ នៅលើដងផ្លូវដូចតាមបណ្តារដ្ឋធានីដទៃទៀត នៅអាស៊ីអាគ្នេយ៍ដូច្នោះដែរ។ នេះក៏ដោយសារតែជីវភាពរស់នៅរបស់ប្រជាជន មានភាពប្រសើរឡើង ដោយសារតែកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចដល់ទៅ៧.៧% ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដែលអនុញ្ញាតឲ្យកម្ពុជា កាត់បន្ថយអត្រាភាពក្រីក្រមកនៅត្រឹម១០% ប៉ុណ្ណោះក្នុងឆ្នាំ២០១៨។
ក្នុងឱកាសនោះដែរ លោក ហោ ណាំហុង បានលើកឡើងជាសំណើមួយចំនួន ដើម្បីធ្វើឲ្យសមាគម AIMF ក្លាយជាយន្តការពហុភាគីជាប្រយោជន៍ ដល់ការអភិវឌ្ឍប្រកបដោយចីរភាព នៃបណ្តាទីក្រុងនិយាយភាសាបារាំងផងដែរ៕