(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគបាលជាតិ បានអះអាងថា ខេត្តព្រះសីហនុ នឹងបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន៦០០ ក្នុងគោលដៅ ៥០០កន្លែង ដើម្បីចាប់យកសកម្មភាព អ្នកមិនគោរពច្បាប់ចរាចរណ៍។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ បានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល១០ ខែនារសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនថា នៅកំពង់សោមកំពុងតែអនុវត្តដាក់ឧបករណ៍កាមេរ៉ានៅតាមភ្លើងស្តុប ដើម្បីចាប់យករូបភាពអ្នកមិនគោរពច្បាប់់ចរាចរណ៍ មកពិន័យតាមច្បាប់។
លោកបញ្ជាក់ថា៖ «កំពង់សោម យើងបានរៀបចំហើយ ក្នុងការកាមេរ៉ាសុវត្ថិភាពតាមភ្លើងស្តុប។ ខ្ញុំបាទផ្ទាល់ បានចុះទៅពិនិត្យរៀបចំហើយ គឺមានកាមេរ៉ារហូតដល់៦០០កាមេរ៉ា ក្នុង៣៤ ខ្សែដែលធ្វើថ្មី និងផ្លូវមូយចំនួនទៀត។ អីញ្ចឹងយើងដាក់៦០០កាមេរ៉ានេះលើគោលដៅចំនួន៥០០កន្លែង»។
លោកបន្ថែមថា កាមេរ៉ាដែលដាក់នៅតាមភ្លើងស្តុបមានទាំងកាមេរ៉ាស៊ូមបាន និងកាមេរ៉ាត្រួតពិនិត្យសកម្មភាពទូទៅ អំពីការកកស្ទះចរាចរជាដើម។ នៅប៉ុន្មានខែខាងមុខនេះ នឹងដាក់ដំណើរការសាកល្បងបាន។
ក្នុងកិច្ចប្រជុំនោះដែរ នាយកឧត្តមសេនីយ៍ បានលើកឡើងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ សមត្ថកិច្ចបានត្រួតពិនិត្យយានយន្តសរុបចំនួន១.២៨២.៧៣០គ្រឿង ក្នុងនោះម៉ូតូ៧០%។ សមត្ថកិច្ចបានពិន័យយានយន្តល្មើសចំនួន៣៣៣.៤០៤គ្រឿង ស្មើ២៦% និងបានពិន័យប្រាក់ចំនួន៦.១៣៥.៣០០.០០០រៀល៕