(ម៉ានីល)៖ ក្រុមអត្តពលិកកម្ពុជា បានដណ្តើមមេដាយកើនដល់ចំនួន ២១គ្រឿងហើយ គិត្រឹមល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន។ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡំាពិកកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។
លោករដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ថា ក្នុងការប្រកួតកីឡា 30th SEA GAMES 2019 លទ្ធផលដែលកម្ពុជាយើងទទួលបានសំរាប់ថ្ងៃទី៣ ខែធ្នូ នេះ មានដូចខាងក្រោម៖
*ទី១៖ គុនល្បុក្កតោ Arnis វិញ្ញាសា ប្រយុទ្ធ ទទួលបានមេដាយមាស ១ (ប្រុស), មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ១៧ ដូច្នេះសរុប ២០មេដាយ (ការប្រកួតប្រភេទកីឡានេះត្រូវបាបញ្ចប់ហើយ)។
*ទី២៖ កីឡាសីដក់ (សីប៉ាក់តាក្រ Sepaktakraw ) ទទួលបានមេដាយប្រាក់ ១។ ដូច្នេះគិតត្រឹមថ្ងៃនេះ កម្ពុជាយើងទទួលបានមេដាយសរុបចំនួន២១ហើយរួមមាន៖ មេដាយមាស១, មេដាយប្រាក់៣ និងមេដាយសំរឹទ្ធ១៧។
បើតាមលោករដ្ឋមន្រ្តី ថោង ខុន កីឡាករកីឡាការិនី ល្បុក្តោ Arnis យើងនឹងត្រឡប់មកផ្ទះវិញនៅយប់ថ្ងៃទី៥ ខែធ្នូខាងមុខនេះ។ រីឯការប្រកួតបន្ត កីឡា SEAGAMES ទាំងក្នុងសាល និងក្រៅសាល ត្រូវផ្អាកបណ្តោះអាសន្នរង់ចាំមើល ឥទ្ធិពលនែខ្យល់ព្យុះទីហ្វុង ដែលនឹងបក់បោកខ្លាំងនៅយប់នេះនិងនៅថ្ងៃស្អែក។
យ៉ាងណាក៏ដោយ កម្ពុជានៅមានអត្តពលិក និងកីឡាសក្ដានុពលជាច្រើនទៀត ដែលកំពុងធ្វើការប្រកួត និងមិនទាន់ធ្វើការប្រកួត ហើយស្ថិតក្នុងការរំពឹងដណ្ដើមមេដាយជូនជាតិបន្ថែម។ ហេតុនេះថ្នាក់ដឹកនាំកីឡាកម្ពុជា នៅតែមានសុទិដ្ឋិនិយមខ្ពស់ ក្នុងការប្រកួតប្រជែងរបស់អត្តពលិកកម្ពុជា ដើម្បីបង្កើនមេដាយ និងដណ្ដើមលទ្ធផលល្អជូនជាតិក្នុងបេសកកម្មស៊ីហ្គេមឆ្នាំនេះ៕