(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «ការនាំចេញអង្ករទៅ កាន់ទីផ្សារប្រទេសចិន អាហ្វ្រិកខាងត្បូង និងអឺរ៉ុប» រវាងក្រុមហ៊ុនមេគង្គអូរីហ្សាត្រេដឌីង ជាមួយក្រុមហ៊ុនហុងកុង ជុងហ៊ុយថៃហ្វូអន្តរជាតិ និងក្រុមហ៊ុនហ្គ្រីន សែហ្វអាហ្រ្វិកគ្រុប។
ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ ក៏មានការអញ្ជើញពីលោក-លោកឧកញ៉ា តំណាងឲ្យក្រុមហ៊ុន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ក្នុងនាមក្រសួងកសិកម្ម និងខ្លួនលោកផ្ទាល់ លោករដ្ឋមន្រ្តី វេង សាខុន បានស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គ្រប់ភាគីដែលឈានដល់ការចុះ ហត្ថលេខា MoU នាពេលនេះ ហើយនេះ គឺជាជោគជ័យថ្មីមួយទៀត របស់ក្រសួងក្នុងការជំរុញ ការនាំចេញអង្គរកម្ពុជា ទៅកាន់ទីផ្សារចិន សហភាពអឺរ៉ុប និងជាពិសេសនោះ គឺទីផ្សារអាហ្វ្រិកខាងត្បូង ដែលជាទីផ្សារអង្ករថ្មីមួយទៀតរបស់កម្ពុជា។
ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្រ្តី វេង សាខុន បានជម្រាបជូនភ្ញៀវដោយសង្ខេប អំពីសក្តានុពលនៃផលិតកម្មស្រូវអង្ករកម្ពុជា ក្នុងការវិនិយោគ កែច្នៃ និងធ្វើការនាំចេញ។
យោងលើគោលនយោបាយរបស់ ក្រសួង ក៏ដូចជារបស់រាជរដ្ឋាភិបាល បានបង្កលក្ខណអំណោយផលដល់វិនិយោគិន ក្នុងការវិនិយោគលើវិស័យកសិកម្មជារួម និងដោយឡែក វិស័យផលិតកម្មស្រូវ ដែលជាផលិតផល មានអាទិភាពខ្ពស់ (មាសស) របស់កម្ពុជាសម្រាប់ធ្វើការនាំចេញ ចូលរួមកំណើនសេដ្ឋកិច្ច បង្កើតការងារ បង្កើនចំណូលគ្រួសារ កាត់បន្ថយចំណាកស្រុក និងភាពក្រីក្រ ហើយនេះគឺជាសុឆន្ទៈដ៏មុតស្រួច របស់រាជរដ្ឋាភិបាលទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
ជាសក្ខីភាព ថ្ងៃនេះក្រសួងកសិកម្ម បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារ MoU នាពេលនេះ ដែលឯកសារនេះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វានឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកជំរុញ ការនាំចេញមាសសកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ហើយមិនត្រឹមតែប៉ុណ្ណោះ ឯកសារនេះ វានឹងជួយបំពេញបន្ថែម ឲ្យគ្នាទៅវិញទៅមករវាងភាគីផលិត និងភាគីប្រមូលទិញទាំងការងារច្បាប់ បច្ចេកទេស និងស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពផលិត ធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ និងការប្រកួតប្រជែងច្បាស់លាស់ ស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ចជាតិ កំណើនប្រជាជន ការប្រែប្រួលអាកាសធាតុ បរិយាប័ន និងជាពិសេសស្របតាមគោលនយោបាយ និងកំណែទម្រង់ផែនការយុទ្ធសាស្ត្ររបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលស្របតាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម»។
លោករដ្ឋមន្ត្រី បានផ្តល់ក្តីសង្ឃឹម ឲ្យទៅភាគីចុះហត្ថលេខានាថ្ងៃនេះថា ក្រសួងនឹងផ្តល់កិច្ចសហការគ្រប់បែបយ៉ាង ធ្វើយ៉ាងណាឲ្យការអនុវត្ត MoU នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យដូចការរំពឹងទុក៕