(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិខ្ទុំជ្រុំ ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានជួបផលលំបាកជាយូរខែឆ្នាំមកហើយ ដោយសារតែផ្លូវលំមួយខ្សែ ប្រវែងត្រឹម ១២០ម៉ែត្រ ត្រូវបានគេរំលោភបំពានយកទាំងស្រុង មិនអាចឲ្យពួកគាត់ធ្វើដំណើរចូលទៅកាន់ផ្ទះ ដោយងាយស្រួលនោះឡើយ ហើយអ្វីដែលរឹតលំបាកជាងនេះទៅទៀត ពេលរដូវទឹកឡើង ពួកគាត់ត្រូវធ្វើដំណើរឆ្លងកាត់ដ៏ជ្រៅដើម្បីចេញចូល។
ប្រជាពលរដ្ឋទាំងនេះ បានខំតស៊ូតវ៉ាជាយូរខែមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយនោះទេ ទើបពួកគាត់សូមទទូចដល់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ជួយដោះស្រាយបញ្ចប់ផង។
បើតាមប្រជាពលរដ្ឋនៅក្នុងភូមិ បញ្ហានេះត្រូវបានប្រជាពលរដ្ឋធ្លាប់ប្តឹងទៅមេឃុំ និងរហូតដល់អភិបាលស្រុកផងដែរ កាលពីពេលកន្លងទៅ។ ក្រោយទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនោះ អភិបាលស្រុក បានចាត់ឲ្យមន្រ្តីជំនាញចុះមកសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះដោះស្រាយហើយបានបើកផ្លូវមួយខ្សែនេះជូនប្រជាពលរដ្ឋវិញ។ ប៉ុន្តែនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ ស្រាប់តែខាងម្ចាស់ដី រហូតមានមន្រ្តីតុលាការ ព្រមទាំងកងកម្លាំងមួយចំនួន បានចុះទៅដល់ទីតាំងផ្លូវ ហើយបិទជិតតែម្តងដោយមិនឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាននោះទេ។
ករណីផ្លូវលំមួយខ្សែនេះ ត្រូវបានស្ដ្រីម្នាក់ឈ្មោះ ប៉ូ ហឿង ធ្វើរបងរំលោភលើចំណីផ្លូវលំតាំងពីយូរមកហើយនោះ ពុំមានដំណោះស្រាយណាមួយ លេចចេញជារូបរាងនោះទេ ដូច្នេះប្រជាពលរដ្ឋទាំងអស់មានតែទទូចសុំដល់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ចាត់មន្ដ្រីចុះទៅដោះស្រាយ ជូនពួកគាត់ផង ទើបអាចមានផ្លូវធ្វើដំណើរតាមម៉ូតូ និងគោយន្ដជាដើម ទៅកាន់លំនៅដ្ឋានរបស់ខ្លួន។
ប្រជាពលរដ្ឋទាំងនេះ សម្ដែងការអស់សង្ឃឹមចំពោះអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធ មិនបានរកដំណោះស្រាយជូនពួកគាត់ ត្រឹមផ្លូវប្រវែង១២០ម៉ែត្រ និងទទឹង៤ម៉ែត្រ ទុកឲ្យគេរំលោភបំពាន យកទៅធ្វើជាកម្មសិទ្ធិរហូតមកដល់បច្ចុប្បន្ន តើឲ្យពួកគាត់រំពឹងយ៉ាងដូចម្ដេច ត្រឹមបញ្ហាតិចតួចប៉ុណ្ណោះដោះស្រាយមិនបាននោះ?។
តាមព័ត៌មានពីអាជ្ញាធរមូលដ្ឋាន អ្នកដែលបានរំលោភយកផ្លូវមួយខ្សែនេះ ធ្វើជាកម្មសិទ្ធិនោះ បានប្តឹងដល់តុលាការទៀតផង ហើយថា មូលហេតុដែលខ្លួនធ្វើរបងយកផ្លូវនេះ ដោយសារតែខ្លួនបានបើកផ្លូវមួយទៀតឲ្យប្រជាជនដើរ ប៉ុន្តែសម្រាប់ប្រជាជនវិញឆ្លើយតបថា ផ្លូវថ្មីដែលអ្នករំលោភចង់បើកនោះ មិនអាចធ្វើដំណើរបានឡើយ និងថាមិនអាចចូលទៅដល់ផ្ទះពួកគាត់បាននោះទេ។
ប្រជាពលរដ្ឋមានជំនឿជាក់ថា នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន នឹងដោះស្រាយបញ្ហានេះជូនពួកគាត់ឲ្យបានឆាប់ចប់ កុំទុកឲ្យគេរំលោភយកដីទៅធ្វើជាកម្មសិទ្ធិឯកជនបែបនេះទៀត៕