(ភ្នំពេញ-កណ្តាល)៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ក្រោមការគិតគូរសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ក្រុមការងារដឹកនាំដោយឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានចុះសួរសុខទុក្ខក្រុមគ្រួសារសពយុវជន សម សុវិន នៅរាជធានីភ្នំពេញ និង ឡុង កែវវិសិដ្ឋ នៅខេត្តកណ្តាល ដែលទទួលរងឧបទ្ទវហេតុពុលចំណីអាហារកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩។
ថ្លែងក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានសម្តែងនូវសមាណទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសារសពយុវជន សម សុវីន និងឡុង កែវវិសិដ្ឋ ដែលបានទទួលរងគ្រោះនូវឧបទ្ទវហេតុពុលចំណីអាហារថា ជារឿងអកុសល និងជាការរួមចំណែករបស់រាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានខិតខំបង្ការ និងព្យាបាលអ្នកញៀនគ្រឿងញៀន និងបង្រ្កាបជនល្មើសគ្រឿងញៀន ដើម្បីសុខមាលភាព និងអនាគតភ្លឺស្វាងរបស់ប្អូនៗទាំងអស់គ្នា។
ក្នុងឱកាសនោះដែរ លោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានប្រគល់ថវិកាអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន ចូលជាបច្ច័យរំលែកទុក្ខដល់ក្រុមគ្រួសារយុវជនទាំងពីរ នូវទឹកប្រាក់មួយចំនួន ជាការរំលែកទុក្ខ និងសូមបួងសួងវិញ្ញាណក្ខន្ធដល់យុវជនទាំងពីរ សូមបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ ករណីពុលនៅមណ្ឌលបន្សាបគ្រឿងញៀនជីវិតថ្មីភ្នំបាក់ ក្នុងខេត្តបន្ទាយមានជ័យ បានបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ ៣នាក់ស្ថិត នៅក្នុងស្ថានភាពធ្ងន់ធ្ងរ និង២៩នាក់មានស្ថានភាពស្រាល ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះក៏មានយុវជនម្នាក់ត្រូវបានបញ្ជូនទៅព្យាបាល នៅប្រទេសថៃផងដែរ។នេះបើតាម ការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
មន្រ្តីជាន់ខ្ពស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ដោយករណីពុលអាហារនេះមាន ទី១៖ ឈ្មោះ សំ សូរីន ភេទប្រុស អាយុជាង៣០ឆ្នាំ និងទី២៖ ឈ្មោះ ឡុង កែវពិសិដ្ឋ ភេទប្រុស អាយុជាង៣០ឆ្នាំ។ ដោយឡែកចំពោះជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរចំនួន៣រូប នោះមាន២រូប ព្យាបាលនៅមន្ទីរពេទ្យស្រុកសិរីសោភ័ណ និង១រូប ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ដែល ព័ត៌មានចុងក្រោយ គឺស្ថានភាពពួកគាត់បានធូរស្បើយមួយកម្រិតហើយ។
បើតាមមន្រ្តីរូបនេះ រហូតមកដល់ពេលនេះ មានជនរងគ្រោះ ២៩រូប ពុលកម្រិតស្រាល ហើយកំពុងសម្រាកនៅមន្ទីរពេទ្យខាងលើផងដែរ។ ដោយឡែកជាង១០នាក់ទៀត ក៏ពុលដែរប៉ុន្តែក្នុងកម្រិតតិចតួច ហើយកំពុងសម្រាកក្នុងមជ្ឈមណ្ឌល។
សម្រាប់មូលហេតុពិតប្រាកដនោះ មន្រ្តីរូបនេះ នៅមិនទាន់ហ៊ានអះអាងនោះទេ ដោយលោកបញ្ជាក់ថា ពេលនេះមន្ទីរសុខាភិបាល កំពុងធ្វើកោសលវិច្ច័យទៅលើអាហារដែលមនុស្សពុលក្នុងមណ្ឌលនេះ បានទទួលទាន ដោយលទ្ធផលនឹងជម្រាបជូនតាមក្រោយ។ លោកអះអាងថា ម្ហូបទាំងនេះត្រូវបានទិញពីផ្សារ ហើយត្រូវបានយកទៅរៀបចំចម្អិតនៅក្នុងមណ្ឌល៕