Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមវិនិយោគមកពីខេត្តហួណាន ប្រទេសចិន មានបំណងនាំគ្រឿងបច្ចេកវិទ្យាទំនើបៗ មកកម្ពុជា ក្នុងនោះមានទាំងឧបករណ៍ពន្លត់អគ្គិភ័យ

03-12-2019 18:12

(ភ្នំពេញ)៖ ក្រុមហ៊ុនខេមបូឌា ស៊ីនហ៊ី ថេកប៊ីលដីងមេធៀរៀល ថេកណូឡូជី ឯ.ក ដែលមានទីស្នាក់ការនៅក្នុងខេត្តហួណាន ប្រទេសចិន បានបង្ហាញពីការចាប់អារម្មណ៍ នាំចូលឧបករណ៍ពន្លត់ អគ្គិភ័យ ព្រមទាំងគ្រឿងបច្ចេកវិទ្យាទំនើបផ្សេងៗទៀត មកកាន់ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ការបង្ហាញបំណងរកស៊ី និងនាំចូលផលិតក្រុមហ៊ុនខ្លួនមកកម្ពុជាបែបនេះ បានកើតមានឡើងក្នុងជំនួបសម្តែងការគួរសមរបស់លោក Cai Yan Hong អគ្គនាយកក្រុមហ៊ុនខេមបូឌា ស៊ីនហ៊ី ថេកប៊ីលដីងមេធៀរៀល ថេកណូឡូជី ឯ.ក ជាមួយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ សៅ សុខា បានស្វាគមន៍ចំពោះបំណងមករកស៊ីក្នុងប្រទេសកម្ពុជា របស់ក្រុមអ្នកវិនិយោគចិន ហើយក្រុមហ៊ុន ក៏អាចជួយបណ្តុះបណ្តាលដល់កងកម្លាំង កងរាជអាវុធហត្ថលើការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យផងដែរ។

បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី, នាយឧត្តសេនីយ៍ សៅ សុខា ក៏បានប្រាប់ទៅភាគីក្រុមហ៊ុនវិនិយោគចិនថា អង្គភាពអាវុធហត្ថនឹងពិនិត្យមើលលទ្ធភាពជាក់ស្តែង ដើម្បីទិញឧបករណ៍បច្ចេកវិទ្យាទំនើបទាំងនេះមកប្រើប្រាស់ ជាពិសេសឧបករណ៍ដើម្បីជួយអន្តរាគមន៍ក្នុងហេតុការណ៍គ្រោះអគ្គិភ័យផងដែរ៕