(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ លោកឧកញ៉ា លាង ឃុន ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាស និងបង្ហាញជាផ្លូវការ នូវរូបរាងកំប៉ុងថ្មីស្រាបៀរកម្ពុជា នៅក្នុងសន្និសីទព័ត៌មានមួយ ក្រោមវត្តមានចូលរួមពីដៃគូចែកចាយ អ្នកលក់បន្ត និង ដៃគូពាណិជ្ជកម្ម មកពីបណ្តាខេត្តក្រុងទូទាំងប្រទេសកម្ពុជា។
លោកឧកញ៉ាបានថ្លែងថា រូបរាងថ្មីហើយទាន់សម័យរបស់កំប៉ុងស្រាបៀរកម្ពុជា សក្តិសមបំផុតសម្រាប់ការជួបជុំ និងកម្មវិធីជប់លៀងផ្សេងៗ របស់ពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្ននេះ ដោយសារតម្រូវការរបស់ពួកគេចាប់ផ្តើមទាមទារអ្វីថ្មី បន្ថែមពីលើគុណភាពស្រាបៀរ ដែលពួកគេធ្លាប់ពិសា និងរង្វាន់ដែលពួកគេធ្លាប់ទទួលបាន។
ដោយឡែកលោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បានបកស្រាយលម្អិតពីរចនាបថរូបរាងថ្មី ស្រាបៀរកម្ពុជានេះផងដែរ។
លោកបញ្ជាក់ថា រចនាបថថ្មីនេះ ត្រូវបានរចនាឡើងដោយផ្សំផ្គុំ ពីរូបគំនូររចនាបែបខ្មែរស៊ីវិល័យ ដោយលាយបញ្ជូលរូបស្រូវសាលី និងផ្កាហប ដើម្បីបង្ហាញពីទំនុកចិត្ត ទំនើប និងភាពទាន់សម័យរបស់ស្រាបៀរកម្ពុជា ហើយរក្សានូវអត្តសញ្ញាណផលិតផល ដែលមានគុណភាពតំណាងផលិតផលប្រទេសកម្ពុជា តាមរយៈរូបគំនូរផ្កាចន្ទន៍ និងឈ្មោះប្រទេសកម្ពុជា ជាភាសារអង់គ្លេស។
លោក លាង ពៅ បន្ថែមទៀតថា «ទម្រង់ចតុកោណកែងទោលឆ្ពោះទៅមុខ ដែលមានផ្ទៃពណ៌ក្រហម និងឈ្មោះប្រទេសកម្ពុជាជាភាសារអង់គ្លេស នៅកណ្តាលនោះ គឺយើងចង់បង្ហាញថាស្រាបៀរកម្ពុជា នឹងរួមដំណើរជាមួយពលរដ្ឋកម្ពុជាជានិច្ច ដើម្បីឆ្ពោះទៅរកភាពរីកចម្រើន ទាំងការរស់នៅប្រចាំថ្ងៃ និងអនាគត។ រូបសញ្ញាសំខាន់ចុងក្រោយនោះគឺអក្សរ C ក្នុងរង្វង់នៅពីខាងលើនោះ គឺឆ្លុះបញ្ចាំងអំពីឧត្តមភាព និងគុណតម្លៃនៃម៉ាកសញ្ញា នៃផលិតផលស្រាបៀរកម្ពុជា»។
លោកក៏បានបកស្រាយពីរង្វាន់ ដែលអតិថិជននឹងមានឱកាសឈ្នះពីក្រវិលកំប៉ុងរូបរាងថ្មី នៃស្រាបៀរកម្ពុជានេះ រួមមានឡានទំនើបម៉ាក Porsche Cayenne 2020 រហូតទៅដល់ចំនួន១២គ្រឿង, ឈ្នះរង្វាន់ដំណើរកម្សាន្ត ទៅប្រទេសអង់គ្លេស ទឹកប្រាក់សុទ្ធ៥០លានរៀល, ៥លានរៀន, ១០ម៉ឺនរៀល, ៥ម៉ឺនរៀល និង រង្វាន់ជាច្រើនផ្សេងទៀត។
ថ្នាក់ដឹកនាំក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ក៏បានថ្លែងអំណរគុណដល់ដៃគូចែកចាយ និងអ្នកលក់បន្ត ស្រាបៀរកម្ពុជា ដែលបានខិតខំប្រឹងប្រែងជំរុញផលិតផលនេះ ឲ្យដល់ដៃអ្នកប្រើប្រាស់ផ្ទាល់ និងចំពោះការគាំទ្រពីពលរដ្ឋកម្ពុជា ដែលបានផ្តល់ទំនុកចិត្តលើគុណភាព និងរសជាតិស្រាបៀរកម្ពុជា កន្លងមកផងដែរ ទើបស្រាបៀរកម្ពុជា បានក្លាយជាផលិតផលដែលនាំមុខគេ ក្នុងវិស័យស្រាបៀរនាពេលបច្ចុប្បន្ន។
លោកឧកញ៉ា ក៏បានសំណូមពរឲ្យពលរដ្ឋកម្ពុជា បន្តគាំទ្រជ្រើសរើសស្រាបៀរកម្ពុជារូបរាងថ្មីនេះ សម្រាប់ការជួបជុំ និងជប់លៀងផ្សេងៗផងដែរ៕