(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយ២២លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តពោធិ៍សាត់ នាពេលខាងមុខនេះ។ ការចុះហត្ថលេខាលើលិខិតប្តូរឯកសារស្តីពីជំនួយនេះ នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ នៅក្រសួងការបរទេសកម្ពុជា។
ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពី ការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែល មានទឹកប្រាក់សរុបចំនួន ¥២.៤០៥.០០០.០០០ (ជាង២២លានដុល្លារអាមេរិក) នឹងធ្វើឡើងដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក មិកាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅវេលាម៉ោង ១០៖៣០នាទី ព្រឹកស្អែកនេះ។
ការផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ គឺជាការបង្ហាញអំពីការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើងនូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យ ទឹកស្អាត៕