(ភ្នំពេញ)៖ លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ជុត ជីវន្ត័ ភេទប្រុស អាយុ២៧ឆ្នាំ ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ដើម្បីរង់ចាំការការក្តី នៅពេលក្រោយតាមកំណត់ច្បាប់ ពាក់ពន្ធ័ករណីប្លន់រថយន្តរបស់ពលរដ្ឋ ព្រោះតែចាញ់ល្បែងនៅកាស៊ីណូ។

ជនត្រូវចោទរូបនេះ ត្រូវបានគេស្គាល់ថា មានតួនាទីជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ហើយកម្លាំងសមត្ថកិច្ច ស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវ និងឃាត់ខ្លួនបានពាក់ព័ន្ធករណីប្លន់រថយន្តរបស់ពលរដ្ឋ។

បើតាមសមត្ថកិច្ច ជនត្រូវចោទរស់នៅភូមិបឹងព្រះ ឃុំបឹងព្រះ ស្រុកបារភ្នំ ខេត្តព្រៃវែង ត្រូវបានឃាត់ខ្លួនកាលពីនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាមួយវត្ថុតាង កាំភ្លើងចំនួន ៣ដើម និងរថយន្តម៉ាក HILANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 2B-4517 ដែលជារបស់ជនរងគ្រោះចំនួន ១គ្រឿង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា នៅវេលាទៀបភ្លឺថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ជុត ជីវន្ត័ បានចេញពីលេងល្បែងនៅកាស៊ីណូ ណាហ្គាវើល រួចជិះម៉ូតូទៅម្តុំច្បារអំពៅ ដើម្បីជួបជនរងគ្រោះជាអ្នកស្គាល់គ្នាឈ្មោះ ពុធ រិទ្ធី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ រត់តាក់ស៉ី រស់នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដើម្បីម៉ៅរថយន្តជិះទៅខេត្តព្រៃវែងវិញ។

នៅពេលទៅដល់ខេត្តព្រៃវែង ជនសង្ស័យ បានឱ្យជនរងគ្រោះឈប់ចាំនៅច្រកចូលស្នងការដ្ឋាននគរបាលខេត្តព្រៃវែងខាងកើត ដើម្បីទៅយកកាំភ្លើង AK ពីក្នុងបន្ទប់ដោយលាក់ក្នុងសាក់កាដូស្ពាយក្រោយរួចប្រាប់ឲ្យជនរងគ្រោះជូនខ្លួនត្រឡប់ទៅភ្នំពេញវិញ។

លុះធ្វើដំណើរទៅដល់ម្តុំរោងចក្រផលិតស្រាបៀរ Tiger ស្រាប់តែជនសង្ស័យ ដកកាំភ្លើងពីក្នុងសាក់កាដូគំរាម និងប្លន់យករថយន្ត ព្រមទាំងលុយ របស់ជនរងគ្រោះ រួចជិះរថយន្តចូលដេកនៅផ្ទះសំណាក់ក្នុងក្រុងភ្នំពេញ និងក្រោយមកក៏បើករថយន្តចូលទៅកាន់ កាស៊ីណូ ណាហ្គាវើល ដើម្បីលក់រថយន្តរបស់ជនរងគ្រោះក្នុងតម្លៃ ១៤,០០០ដុល្លារ ហើយក៏គេចខ្លួនបាត់។

បន្ទាន់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ សមត្ថកិច្ចបានដកហូតរថយន្តខាងលើពីឈ្មោះ យ៉ាន សំអុល នៅកន្លែងលាងរថយន្តនៅម្តុំបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន។

រហូតដល់យប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន នៅផ្ទះក្នុងបុរី ផុនស៊ុយ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយនៅទីបំផុត តុលាការរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ (PJ)៕