(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ បានចូលរួមជាមួយធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDIs) ដទៃទៀត ក្នុងការផ្តល់ជូននូវ «សេវាទូទាត់រហ័ស» ដែលត្រូវបង្កើតឡើងដោយ ធនាគារជាតិនៃកម្ពុជា ដែលអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ ព្រីនស៍ អាចធ្វើការផ្ទេរប្រាក់ទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុ ជាសមាជិកទាំងអស់បាន យ៉ាងរហ័ស និងមានសុវត្ថិភាព។
ប្រតិបត្តិការផ្ទេរប្រាក់នេះត្រូវបានអនុវត្តតាមពេលវេលាជាក់ស្តែង ហើយអាចទទួលបានទឹកប្រាក់ភ្លាមៗ ហើយសេវាទូទាត់រហ័សនេះជំរុញឱ្យមានកិច្ច សហប្រតិបត្តិការ អន្តរធនាគារ ដែលសម្រួលដល់ការផ្ទេរប្រាក់រៀលនៅទូទាំងប្រទេស។ លើសពីនេះទៅទៀត អតិថិជនអាចទទួលបានអត្ថប្រយោជន៍ជាច្រើន ពីការផ្ទេរប្រាក់អតិបរមា ខ្ពស់រហូតដល់ ៤០លានរៀល ស្របពេលដែលកម្រៃនៃសេវាផ្ទេរប្រាក់មានតម្លៃទាបចាប់ពី ៤០០០រៀលឡើងទៅ។
សេវាទូទាត់រហ័សនេះ ផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនក្នុងការទទួលបានទឹកប្រាក់ភ្លាមៗ ពីការផ្ទេរប្រាក់ឆ្លងគ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិក។ ជាលទ្ធផលសេវានេះ អាចជួយ ឱ្យអតិថិជន ទទួលបានការយល់ដឹងបន្ថែមពីប្រព័ន្ធទូទាត់តាមអេឡិចត្រូនិច និងលើកទឹកចិត្តឱ្យអតិថិជនឆ្ពោះទៅរកសេវាទូទាត់ ដោយមិនប្រើសាច់ប្រាក់សុទ្ធ នាពេលអនាគត។ ក្នុងដំណាក់ កាលនេះផងដែរធនាគារ ក៏អាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ពីការកាត់បន្ថយពេលវេលាដែលបានចំណាយលើប្រតិបត្តិ ការដោះស្រាយសាច់ប្រាក់ផងដែរ។
ការផ្លាស់ប្តូរឆ្ពោះទៅរកវិស័យឌីជីថលនេះ គឺស្របទៅតាមចក្ខុវិស័យរយៈពេលវែងរបស់ធនាគារ ព្រីនស៍ ក្នុងការក្លាយខ្លួនជាធនាគារឌីជីថលឈានមុខគេមួយ។
ដើម្បីអបអរសាទរការដាក់ឱ្យប្រើប្រាស់ «សេវាទូទាត់រហ័ស» និងដើម្បីលើកកម្ពស់ការធ្វើប្រតិបត្តិការផ្ទេរប្រាក់ ជាប្រាក់រៀលនៅគ្រប់សាខាទាំងអស់របស់ ធនាគារ ព្រីនស៍ កម្រៃសេវានៃការផ្ទេរប្រាក់មិនត្រូវបានគិតថ្លៃនោះទេ។ អតិថិជនអាចទទួលបានអត្ថប្រយោជន៍នេះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០៕