(កណ្តាល)៖ លោក កែន សម្បត្តិ អនុប្រធានទី៣ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកល្វាឯម បានថ្លែងថា ដោយសារតែមានកំណើតរណសិរ្សសាមគ្គី ០២ធ្នូ ១៩៧៨ ដែលដឹកនាំដោយសម្តេចទាំង៣ និងដោយមានកម្លាំងសាមគ្គីពីប្រជាពលរដ្ឋ រួមទាំងកម្លាំងជំនួយពីប្រទេសជិតខាង បានចូលរួមផ្តូលរំលំវាយរំដោះទឹកដី និងរំដោះជីវិត ប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជោគជ័យ នៅថ្ងៃទី០៧ មករា ១៩៧៩ ទើបធ្វើឱ្យប្រជាពលរដ្ឋអាចរស់នៅ ដោយភាពសុខសាន្ត និងសុខសន្តិភាពដូចពេលបច្ចុប្បន្ននេះ។
លោក កែន សម្បត្តិ បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថៃ្ងទី០៣ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកតំណាងឱ្យអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ អញ្ជើញចូលរួមប្រារព្ធពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៨៧៨- ២ធ្នូ ២០១៩ ដោយមានការមន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោក កែន សម្បត្តិ បានឱ្យដឹងថា ស្ថិតនៅក្នុងរបបអាវខ្មៅ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូល ក្នុងរណ្តៅនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពេល នោះហើយបានធ្វើឱ្យប្រជាពលរដ្ឋ មិនមានសិទ្ធិសេរីភាពដូចពេលបច្ចុប្បន្ននេះទេ ដោយក្នុងពេលនោះសិទ្ធិសេរីភាពទាំងអស់របស់ប្រជាពលរដ្ឋត្រូវបានបិទ ប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធត្រូវបានបំផ្លាញចោល ធនធានមនុស្សត្រូវបានបំផ្លាញស្ទើរគ្មានសល់ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រៀបបាននឹងទាសករដាច់ថ្លៃ ត្រូវបានគេប្រើប្រាស់ ឱ្យធ្វើការងារតាមអ្វីដែលគេចង់បានគ្រប់យ៉ាង មិនឱ្យប្រជាពលរដ្ឋមានសិទ្ធិក្នុងការបញ្ចេញមតិ ឬបដិសេធនោះឡើយ។
លោក កែន សម្បត្តិ បានបញ្ជាក់ទៀតថា ស្ថិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះដែរប្រព័ន្ធការអប់រំក៏ត្រូវបានកាត់ផ្តាច់ចោលអស់ ព្រះពុទ្ធសាសនា វត្តអារាម ត្រូវបានបំផ្លាញខ្ទេចខ្ទីគ្មានសល់ឡើយ សិទ្ធិសេរីភាពប្រជាពលរដ្ឋត្រូវបានបិទ ធ្វើឱ្យពលរដ្ឋរស់នៅក្នុងស្ថានភាពយ៉ាងលំបាកវេទនា ដោយដឹងតែក្នុងមួយថ្ងៃៗ ត្រូវធ្វើពលកម្មយ៉ាងធ្ងន់ធ្ងរ សឹងតែគ្មានពេលឈប់សម្រាក និងមិនមានអាហារបរិភោគគ្រប់គ្រាន់ឡើយ លើសពីនេះទៀតនោះ ទោះពលរដ្ឋខិតខំធ្វើការយ៉ាងណាក៏ដោយ ក៏ត្រូវបានពួកតិរច្ឆានអស់នោះ កាប់សម្លាប់អស់រាប់លាននាក់យ៉ាងសាហាវព្រៃផ្សៃបំផុត ទោះបីមិនមានកំហុសអ្វីក៏ដោយ។
លោកបានបន្ថែមទៀតថា ដោយមើលឃើញពីភាពលំបាកវេទនាទាំងអស់នោះហើយ បានធ្វើឱ្យមានរណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ ១៩៧៨ ដែលជាអង្គការ ចាត់តាំងមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិឡើង ដើម្បីរួមជាមួយប្រជាជនផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតទទួលជ័យជំនៈនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ទទួលបានមកវិញនូវសិទ្ធិសេរីភាព និងមានឱកាសស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធរបស់មាតុភូមិកម្ពុជា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និងជ័យជំនះថ្ងៃ ៧ មករា នោះទេ យើងក៏គ្មានអ្វីៗដូចថ្ងៃនេះដែរនេះ។
លោក កែន សម្បត្តិ បានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ទទួលបានជោគជ័យ បានបង្រួបបង្រួមជាតិខ្មែរតែមួយឡើងវិញ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានសណ្តាប់ធ្នាប់ក្នុងសង្គមបានល្អប្រសើរ ធ្វើឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយភាពអំណោយផលខាងនយោបាយនេះ បានរក្សានូវស្ថិរភាពសេដ្ឋកិច្ច ដែលទ្រទ្រង់ដល់ការរីកចម្រើនលើគ្រប់វិស័យ ទើបធ្វើឱ្យប្រជាពលរដ្ឋអាចរស់នៅ ដោយសុខសាន្ត និងសុខសន្តិភាព ដូចពេលបច្ចុប្បន្ននេះ៕