(បន្ទាយមានជ័យ)៖ ខណៈដែលរដូវប្រមូលផលដំឡូងមី និងកសិផលផ្សេងៗទៀតរបស់បងប្អូន នៅតាមខេត្តជាប់ព្រំដែន កាន់តែខិតចូលមកដល់នោះ ទាំងកសិករ និងអ្នកនាំចេញដំឡូងមី ទៅកាន់ប្រទេសថៃ បានសំណូមពរយ៉ាងទទូច ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមជួយអន្តរាគមន៍ទៅភាគីថៃ ដើម្បីអនុញ្ញាតឲ្យកសិផលដំឡូងមីកម្ពុជា អាចនាំចេញតាមច្រកព្រំដែនម៉ាឡៃ ក្នុងខេត្តបន្ទាយមានជ័យ បានដូចធម្មតាឡើងវិញ។
រយៈពេលប៉ុន្មានខែកន្លងមកនេះ ភាគីថៃបានសម្រេចបិទការនាំចូលកសិផលដំឡូងមីពីកម្ពុជា តាមច្រកព្រំដែនមួយចំនួន ក្នុងនោះមានច្រកព្រំដែនម៉ាឡៃផងដែរ ហើយអនុញ្ញាតឲ្យនាំចូល បានតាមច្រកព្រំដែនមួយចំនួនប៉ុណ្ណោះ។ ការសម្រេចនេះ ធ្វើឲ្យកសិផលដំឡូងមីរបស់កសិករ នៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពិសេសក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ដែលសំបូរទៅដោយដំណាំដំឡូងមីនោះ ពិបាកក្នុងការប្រមូលផលដឹកជញ្ជូននាំចេញទៅតាមច្រកឆ្ងាយៗ ដែលនាំឲ្យពួកគាត់ត្រូវចំណាយថ្លៃ ដឹកជញ្ជូនខ្ពស់ជាងមុន ខាតបង់ដល់ការធ្វើពាណិជ្ជកម្មខេត្តជាប់ព្រំដែនប្រទេសទាំង២ផងដែរ។
ដោយសារតែជួបបញ្ហាលំបាក ក្នុងពេលដែលដាំដុះដំឡូងមី ទទួលបានផលហើយពិបាកនាំចេញបែបនេះ ទើបកសិករ និងអ្នកនាំចេញទទូចស្នើសុំការជួយអន្តរាគមន៍ ពីរាជរដ្ឋាភិបាលដើម្បីឲ្យភាគីថៃ បើកច្រកព្រំដែនម៉ាឡៃ ឲ្យកសិផលដំឡូងមីកម្ពុជា អាចនាំចេញតាមច្រកនេះឡើងវិញ ខណៈរាជរដ្ឋាភិបាលនៃប្រទេសទាំង២ ខិតខំចរចាធ្វើយ៉ាងណាជំរុញឲ្យទំហំពាណិជ្ជកម្ម ឲ្យមានការកើនឡើង ដោយបើកច្រកព្រំដែន ទាំងច្រកអន្តរជាតិ និងច្រកទ្វេភាគី ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម ប៉ុន្តែបែរជានៅពេលបើកច្រកហើយ មិនឲ្យកសិកផលរបស់កម្ពុជាអាចនាំចូលបានទៅវិញ តើការខំបើកច្រកព្រំដែនមានអ្វីប្រយោជន៍អ្វី? តើជាចេតនាមិនឲ្យកម្ពុជា រីកចម្រើនក្នុងការពង្រីកទំហំនៃការនាំចេញទៅប្រទេសថៃ ឬយ៉ាងណា?
លោកស្រី ជា ផានី និងអ្នកស្រី ស៊ីម ច័ន្ទណារ៉ា ដែលអ្នកនាំចេញកសិផល ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ បានបញ្ជាក់ថា ភាគីថៃបានបិទមិនឲ្យកសិផលដំឡូងមីរបស់កម្ពុជា នាំចូលតាមច្រកម៉ាឡៃឡើយ ដែលធ្វើឲ្យការនាំចេញរបស់ពួកគាត់ ជួបការលំបាកយ៉ាងខ្លាំង ដោយត្រូវដឹកទៅតាមច្រកឆ្ងាយៗពីភូមិសាស្ត្រនេះ ធ្វើការចំណាយលើការដឹកជញ្ជូនខ្ពស់ជាងមុន។ នៅពេលពួកយើងដែលអ្នកនាំចេញជួបការលំបាកនោះ ប្រជាកសិករដែលជាអ្នកដាំដុះក៏ជួបការលំបាកដូចគ្នា ដូច្នេះមានតែរាជរដ្ឋាភិបាលទេ ដែលអាចជួយរឿងនេះបាន។
តំណាងក្រុមហ៊ុន Jet Capital ប្រចាំខេត្តស្រះកែវ ប្រទេសថៃ ដែលក្រុមហ៊ុននាំចេញកសិកផលផងដែរនោះ បានបញ្ជាក់ផងដែរថា ភាគីថៃពិតជាមានការបិទដំឡូងមីមកពីកម្ពុជា តាមមាត់ច្រកម៉ាឡៃ ខេត្តបន្ទាយមានជ័យពិតប្រាកដមែន ដែលបានកើតឡើងរយៈពេលជាច្រើនខែមកហើយ។ ការបិទនេះអាចជាការរបាំងការធ្វើពាណិជ្ជកម្មច្រើនជាង ធ្វើឲ្យរាំងស្ទះដល់ការនាំចេញរបស់កម្ពុជា។
លោក ជា សេងអាន ប្រធានស្នាក់ការសាលាខេត្ត ប្រចាំច្រកម៉ាឡៃ បានថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះថា ភាគីថៃពិតជាបានបិទ មិនឲ្យកសិផលកម្ពុជា ចូលតាមច្រកម៉ាឡៃមែន ដែលកើតឡើងតាំងពីចុងឆ្នាំ២០១៨មកម្ល៉េះ ដែលបញ្ហានេះធ្វើឲ្យប្រជាកសិករ ដែលបង្កបង្កើតផលនៅតំបន់នេះ ជួបការលំបាកយ៉ាងខ្លាំងក្នុងការដោះដូរទំនិញ។
លោកបន្តថា តាមការសួររបស់លោកជាមួយមន្ត្រីគយ និងប៉ូលិសថៃប្រចាំច្រកនេះ ពួកគេបានបញ្ជាក់ថា ការបិទនេះធ្វើតាមលិខិតរបស់ក្រសួងពាណិជ្ជកម្មថៃ ដែលមិនឲ្យកសិផលនាំចូលទៅថៃតាមច្រកនេះទេ ដោយខេត្តបន្ទាយមានជ័យ ថៃបើកឲ្យនាំចូលតាមច្រកបឹងត្រកួត ដែលមានចម្ងាយបម្រាណ៨០គីឡូម៉ែត្រ ពីម៉ាឡៃ និងខេត្តបាត់ដំបង ថៃបើកឲ្យនាំចូលតាមច្រកភ្នំដី ដែលជាហេតុធ្វើឲ្យកសិករជួបការលំបាក។
លោក ជា សេងអាន បញ្ជាក់ថា ក្នុងកិច្ចប្រជុំជាមួយភាគីថៃ លោកតែងតែលើកឡើងនូវសំណូមពរ ឲ្យភាគីថៃបើកឲ្យកសិផលរបស់កសិករខ្មែរ អាចនាំចូលទៅតាមច្រកនេះបានឡើងវិញ ប៉ុន្តែមិនទាន់ដំណោះស្រាយសោះ ហើយបច្ចុប្បន្នសកម្មភាពច្រកម៉ាឡៃ ហាក់គ្មានសកម្មភាពទាល់តែសោះ មានតែការធ្វើដំណើរចេញចូលរបស់បងប្អូនប្រជាពលរដ្ឋ តែប៉ុណ្ណោះ សកម្មភាពដោះដូរកសិផលត្រូវរាំងខ្ទប់។
ជាមួយគ្នានេះ បងប្អូនកសិករបានសម្តែង ការព្រួយបារម្ភ អំពីការធ្លាក់ចុះនៃតម្លៃដំឡូងមីផងដែរ នៅពេលថ្លៃដឹកជញ្ជូនត្រូវចំណាយខ្ពស់ពេក ដោយដូច្នេះអ្នកនាំចេញពួកគាត់ នឹងត្រូវបន្ទាបថ្លៃកសិផល ដូច្នេះអ្នកដែលរងគ្រោះ គឺប្រជាកសិករខ្មែរ។ ដោយហេតុនេះហើយទើបពួកគាត់សំណូមពរ ឲ្យសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា មេត្តាជួយដោះស្រាយបញ្ហា មានការបើច្រកព្រំដែនម៉ាឡៃនេះឲ្យដំឡូងមីបាននាំចេញឡើងវិញ។
សូមជម្រាបថា នៅក្នុងរយៈពេល១០ខែ ឆ្នាំ ២០១៩នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ កើនឡើងដល់ជាង៧ពាន់លានដុល្លារ។ កម្ពុជានាំចេញទៅថៃ មានត្រឹមតែជាង ២ពាន់លានដុល្លារប៉ុណ្ណោះ ខណៈថៃនាំចូលមកកម្ពុជាវិញ មានរហូតដល់ជាង៥ពាន់លានដុល្លារអាមេរិក៕