(ភ្នំពេញ)៖ ម្ចាស់អាជីវកម្ម ឬអ្នកផលិផលិតផលក្នុងស្រុក ស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលអ្នកប្រើប្រាស់ ងាកមកប្រើផលិផលក្នុងស្រុកឲ្យបានច្រើន ព្រោះគុណភាព សុវត្ថិភាព និងកំណើនៃការផលិតមិនចាញ់ផលិតផលនាំចូល ពីបណ្ដាប្រទេសជិតខាងឡើយ។
កញ្ញា ញឹម សូរីដា សហស្ថាបនិកនៃអាជីវកម្ម De Lotusia ដែលជាក្រុមហ៊ុនផលិតគ្រឿងសំអាងពីធម្មជាតិ បានថ្លែងថា ការបង្កើតអាជីវកម្មផលិតផលធម្មជាតិនេះ គឺដើម្បីរួមចំណែកជំរុញ ឲ្យមានការប្រើប្រាស់ផលិផលក្នុងស្រុក ឲ្យមានការកើនឡើង លើសពីនេះបានចូលរួមរក្សាវត្ថុធាតុដើមក្នុងស្រុក, ផ្ដល់ឱកាសការងារដល់ស្រ្ដី ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារជាដើម។
កញ្ញាបន្ដថា «ជាការពិតផលិតផលក្នុងស្រុក មានតម្លៃរាងថ្លៃជាងផលិតផលនាំចូលមែន ប៉ុន្ដែគុណភាពដែលផលិត គឺល្អ អាចទទួលយកបានជាមួយនឹងតម្លៃនេះ។ កត្តាដែលធ្វើឲ្យផលិតផលក្នុងស្រុកថ្លៃ ជាងផលិតផលនៅក្រៅ ព្រោះវត្ថុធាតុដើមមានតម្លៃខ្ពស់ ត្បិតថាផលិតផលនេះមានក្នុងស្រុក ប៉ុន្ដែមិនមានការដាំដុះផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់នោះឡើយ»។
កញ្ញាបានបន្ថែមថា «កត្តាមួយទៀត គឺការវេចខ្ចប់ ដែលតម្រូវឲ្យនាំចូលវត្ថុធាតុដើមមកប្រើប្រាស់ ពីបណ្ដាប្រទេសផ្សេងៗ រួមទាំងវត្ថុធាតុដើមផ្សេងៗជាច្រើនទៀត ដើម្បីយកមកផលិត»។
កញ្ញាក៏បន្ថែមថា ក្រៅអំពីគុណប្រយោជន៍នៃផលិតផល គឺទទួលបានគុណប្រយោជន៍មួយទៀត គឺការផលិតក្នុងស្រុកបានជួយច្រើន ដល់បងប្អូនប្រជាពលរដ្ឋ ដែលពុំមានការងារធ្វើ។ អ្នកទាំងអស់សាកគិតលមើលថា ប្រសិនបើអ្នកទាំងអស់គាំទ្រ ប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែច្រើន តម្រូវការទីផ្សារមានការកើនឡើង ប្រជាពលរដ្ឋក៏មានការងារធ្វើច្រើន។ ពិសេសល្អដល់ប្រជាពលរដ្ឋ រស់នៅតាមសហគមន៍ ដែលពុំទាន់មានការងារធ្វើ ពួកគាត់អាចដាំដុំះដំណាំ ដើម្បីលក់បន្ដឲ្យអ្នកផលិត ពួកគាត់មានការងារធ្វើ, មានប្រាក់ចំណូល ក្នុងនោះក៏ល្អសម្រាប់សិស្សនិស្សិត ដែលសិក្សាជំនាញកែច្នៃ ពួកគាត់អាចសិក្សា និងប្រើប្រាស់ជំនាញបានត្រឹមត្រូវ។
ការឲ្យដឹងរបស់កញ្ញាធ្វើឡើងក្នុងកម្មវិធី The Executive Talks 2019 នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយផ្សារមូលបត្រកម្ពុជា ដើម្បីចូលរួមចែករំលែកចំណេះដឹង ក៏ដូចជារួមគ្នារិះរកវិធីពង្រឹង និងពង្រីកផលិតផលក្នុងស្រុកឲ្យកាន់ តែមានសក្ដានុពលបន្ថែមទៀត។
លោកស្រី តិច ស៊ឹមហ៊ាង ស្ថាបនិក និងអគ្គនាយិកាសិប្បកម្មកីមាស ដែលផលិតហូលផាមួង ថ្លែងឲ្យដឹងថា «ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋ ងាកមកប្រើប្រាស់ផលិផលក្នុងស្រុក ពិសេសផលិតផលដែលផលិតដោយដៃ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ក្រៅអំពីការជាវយកទៅប្រើប្រាស់ អតិថិជនទាំងអស់អាចណែននាំឲ្យអ្នកប្រើប្រាស់បន្ដបាន»។
អ្នកស្រីបន្ថែមថា ជាក់ស្ដែងដូចសិប្បកម្មកីមាស ទោះបីជាការផ្គត់ផ្គង់មិនបានទៅ ដល់ក្រៅប្រទេសក៏ពិតមែន ប៉ុន្ដែការផ្គត់ផ្គង់ក្នុងស្រុក ក៏មានការគាំទ្រច្រើនពីអតិថិជន។ ជាក់ស្ដែងសម្រាប់ហូលនីមួយៗ បើនិយាយពីការផលិតត្រូវចំណាយពេលលរាប់ខែ ដើម្បីផលិតរចនាបែបបុរាណ រចនាដោយដៃផ្ទាល់។
អ្នកស្រីក៏បានបន្ដថា ការផលិតដោយដៃ គឺពិតជាពិបាកមែនទែន គឺត្រូវប្រើប្រាស់អារម្មណ៍, ប្រើបេះដូង, ប្រើការគិត ដើម្បីធ្វើយ៉ាងណាច្នៃឲ្យបានស្អាត។ ត្បិតថាការផលិតដោយដៃ មានការពិបាកក៏ពិតមែន ប៉ុន្ដៃគុណភាពនីមួយៗ គឺល្អឥតខ្ចោះ និងសមសម្រប់តាមរម្រូវការប្រើប្រាស់។
ដោយឃើញពីសន្ទុះនៃការប្រកបអាជីវកម្ម មានការកើនឡើង លោក ហុង សុខហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា ក៏បានជូនជាសារមួយចំនួន ដើម្បីឲ្យម្ចាស់អាជីវកម្មទាំងអស់ បើកអាជីវកម្មទទួលបានជោគជ័យ ដោយក្នុងនោះលោកបញ្ជាក់ថា ដើម្បីឲ្យអាជីវកម្មដំណើរការ បានជោគជ័យអ្នកទាំងអស់គ្នា ត្រូវស្គាល់ទីផ្សារគោលដៅឲ្យបានច្បាស់លាស់, មានភាពច្នៃប្រឌិតទាក់ទាញ, ជៀសឆ្ងាយពីការធ្វើអាជីវកម្មបែបបុរាណ មានន័យថា នៅពេលអាជីវកម្មជោគជ័យហើយ មិនរិះរកវិធីសាស្រ្ដ ដើម្បីការពារអាជីវកម្មនេះឲ្យបានគង់វង្ស។
លោកបន្ថែមថា ដោយឡែកសម្រាប់ផ្សារមូលបត្រកម្ពុជា ជាទីផ្សារមួយដែលអនុញ្ញាតឲ្យ អាចគៀរគរទុនពីសាធារណជន និងអនុញ្ញាឲ្យអាចកានកាប់ភាគហ៊ុនទាំងអស់ អាចទិញភាគហ៊ុនរបស់ខ្លួនដោយសេរី ស្របច្បាប់ និងទូលំទូលាយ។ ផ្សារមូលបត្រកម្ពុជា បានដំណើការជាង៧ឆ្នាំមកហើយ ហើយបច្ចុប្បន្ននេះមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន៨ ក្នុងនោះ៥ក្រុមហ៊ុនចុះបញ្ជីជាភាគហ៊ុន និង៣ក្រុមហ៊ុនចុះបញ្ជីជាសញ្ញាបណ្ណមូលបត្របំណុល៕