(សៀមរាប)៖ សំណង់ប្រាសាទឥដ្ឋ នៅក្នុងតំបន់អង្គរ បានបាក់បែកជាច្រើនដោយសារអាយុកាលនៃសំណង់ វត្ថុធាតុដើមអស់គុណភាព ការប្រែប្រួលអាកាសធាតុ រុក្ខជាតិដុះលើ កង្វះការថែទាំទាន់ពេលវេលា និងភាពខ្សត់ខ្សោយនៃអ្នកជំនាញអភិរក្សប្រាសាទឥដ្ឋ។

ដើម្បីសង្គ្រោះមរតកវប្បធម៌បុរាណ ឱ្យរួចផុតពីហានិភ័យធ្ងន់ធ្ងរ និងបន្សល់ចំណេះដឹងថែរក្សាប្រាសាទឥដ្ឋដល់អ្នកជំនាន់ក្រោយផងនោះ អាជ្ញាធរជាតិអប្សរាបានរៀបចំបណ្តុះបណ្តាលនៅក្នុងខែវិច្ឆិកា អំពីអ្នកបន្តវេនបច្ចេកទេសអភិរក្សប្រាសាទឥដ្ឋ ដល់មន្ត្រី-បុគ្គលិក កម្មករដែលបម្រើការនៅក្នុងឧទ្យានអង្គរ។

វគ្គបណ្តុះបណ្តាលនេះបង្រៀនដោយអ្នកជំនាញ និងកម្មករដែលមានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការជួសជុលប្រាសាទឥដ្ឋកន្លងមក ក្នុងគោលបំណងបន្តចំណេះជំនាញទៅមន្ត្រី បុគ្គលិក កម្មករថ្មីៗដែលមានបទពិសោធន៍តិច ដើម្បីបង្កើនសមត្ថភាពរួមគ្នាក្នុងការជួសជុលអភិរក្សប្រាសាទឥដ្ឋ និងបង្កើតអ្នកបន្តវេនជួសជុលឱ្យមានកាន់តែច្រើន ព្រោះការខូចខាតនៃសំណង់ប្រាសាទបុរាណនៅតែមាននាថ្ងៃអនាគត។

ក្នុងការបង្រៀន គឺមានទាំងទ្រឹស្តីទូទៅក្នុងការជួសជុលប្រាសាទឥដ្ឋ និងការអនុវត្តជាក់ស្តែងនៅតាមការដ្ឋានជួសជុល (ប្រាសាទលលៃ) ដែលរួមមានវិធីសាស្ត្រក្នុងការតឥដ្ឋ និងរូបមន្តផ្សំសារធាតុ ដើម្បីប្រើប្រាស់ជាស៊ីម៉ង់ត៍ក្នុងការតភ្ជាប់ឥដ្ឋ ដើម្បីជួសជុលប្រាសាទបុរាណ៕